ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥
ពលរដ្ឋវៀតណាម បានចំណាយប្រាក់ប្រមាណ ១៦ពាន់លានដុល្លារអាមេរិកលើការទិញទំនិញតាមប្រព័ន្ធអនឡាញ តាមរយៈវេទិកាដូចជា Shopee, Lazada និង TikTok Shop ក្នុងឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។
របាយការណ៍ E-commerce 3.0 របស់អាស៊ីអាគ្នេយ៍ ដែលទើបចេញផ្សាយថ្មីៗនេះ ដោយក្រុមហ៊ុនស្រាវជ្រាវ Momentum Works របស់សិង្ហបុរី បានបង្ហាញថា ពលរដ្ឋវៀតណាម បានចំណាយប្រាក់ប្រមាណ ១៦ពាន់លានដុល្លារអាមេរិកលើការទិញទំនិញតាមប្រព័ន្ធអនឡាញ និងបានធ្វើឱ្យប្រទេសវៀតណាម ក្នុងចំណោមទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកកំពូលទាំង ៣ នៅអាស៊ីអាគ្នេយ៍។
របាយការណ៍ បង្ហាញទៀតថា តម្លៃទំនិញសរុបក្នុងតំបន់នៅលើ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកទាំងអស់ គឺឈានដល់ ១២៨ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៤ កើនឡើង ១២% ធៀបនឹងឆ្នាំ ២០២៣។ជាមធ្យម តំបន់អាស៊ីអាគ្នេយ៍ បានដំណើរការការបញ្ជាទិញតាមអ៊ីនធឺណិតចំនួនជាង ៤៣លានដងក្នុងមួយថ្ងៃ ដែលខិតជិតដល់ ទំហំទីផ្សារសហរដ្ឋអាមេរិក។
ឥណ្ឌូណេស៊ី នៅតែជាទីផ្សារ E-commerce ដ៏ធំបំផុតក្នុងតំបន់ ជាមួយនឹងទំហំ ៥៦ពាន់លានដុល្លារ និងកាន់កាប់ចំណែកទីផ្សារ ៤៤%។នៅប្រទេសវៀតណាម ទិដ្ឋភាពពាណិជ្ជកម្មអេឡិចត្រូនិក ត្រូវបានគ្របដណ្ដប់ដោយវេទិកាធំៗចំនួន ៣ រួមមាន Shopee កាន់កាប់ចំណែកទីផ្សារធំជាងគេ ប្រហែល ១០ពាន់លានដុល្លារ តាមពីក្រោយដោយ TikTok Shop ជាង ៤ពាន់លានដុល្លារ និង Lazada ១ពាន់លានដុល្លារ។
ជាចុងក្រោយ Momentum Works បានព្យាករថា វិស័យពាណិជ្ជកម្មអេឡិចត្រូនិករបស់អាស៊ីអាគ្នេយ៍ អាចបង្កើតតម្លៃប្រតិបត្តិការបន្ថែម ១៣១ពាន់លានដុល្លារ នៅឆ្នាំ 2030 ប្រសិនបើអាជីវកម្ម ចាប់ផ្តើមអនុវត្តបញ្ញាសិប្បនិម្មិត A.I ប្រកបដោយប្រសិទ្ធភាពលើការលក់ ប្រតិបត្តិការ ដឹកជញ្ជូន និងសេវាកម្មបម្រើអតិថិជន៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ