ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥
នាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ថៃ បានបញ្ជាក់ថា ប្រទេសថៃ អាចនឹងខាតបង់ទឹកប្រាក់ពាណិជ្ជកម្មប្រមាណជិត ២ពាន់លានដុល្លារអាមេរិក បើសិនជា ច្រកព្រំដែនកម្ពុជា-ថៃ នៅតែបន្តបិទរហូតដល់ដំណាច់ឆ្នាំ ២០២៥នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកថៃ។
លោកស្រី Arada Fuangtong អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស បានបញ្ជាក់ថា បើសិនជា ច្រកព្រំដែនកម្ពុជា-ថៃ បន្តបិទនៅក្នុងឆមាសទី ២ ឆ្នាំ ២០២៥នេះ ប្រាក់ចំណូលនៃការនាំចេញទំនិញរបស់ថៃ អាចនឹងខាតបង់លើសពី ២ពាន់លានដុល្លារអាមេរិក ខណៈទំហំពាណិជ្ជកម្មតាមព្រំដែនជារួម នឹងធ្លាក់ចុះចន្លោះ ១% ទៅ ២%។
តួលេខខាងលើនេះ ត្រូវបានព្យាករដោយផ្អែកលើ តម្លៃពាណិជ្ជកម្មតាមព្រំដែនសរុប កាលពីឆ្នាំមុន ដែលមានចំនួន ៥ពាន់ ៤រយលានដុល្លារអាមេរិក រវាងប្រទេសទាំង ២ ជាមួយនឹងការនាំចេញរបស់ថៃមានចំនួន ៤ពាន់ ៣រយលានដុល្លារអាមេរិក។លោកស្រី Arada បានថ្លែងថា សកម្មភាពនៅច្រកព្រំដែនមានការថមថយ ដោយអាជីវកម្មរបស់ប្រទេសទាំងសងខាង ត្រូវបិទជាបណ្ដោះអាសន្ន។
ការិយាល័យពាណិជ្ជកម្មខេត្តនៅជាប់ព្រំដែន បានរកឃើញហាងទំនិញថៃ និងកម្ពុជាជាច្រើន ត្រូវបានបិទ ចាប់តាំងពីវិធានការត្រួតពិនិត្យព្រំដែន ត្រូវបានអនុវត្តកាលពីថ្ងៃទី ៧ ខែមិថុនា។ចំពោះ វិស័យនាំចេញដែលរងផលប៉ះពាល់ខ្លាំងជាងគេ រួមមាន បន្លែ ផ្លែឈើ និងទំនិញប្រើប្រាស់ផ្សេងៗ ហើយអ្នកនាំចេញកំពុងស្វែងរកផ្លូវដឹកជញ្ជូនជំនួស ដូចជាការដឹកជញ្ជូនតាមឆ្នេរសមុទ្រ តាមកំពង់ផែក្នុងខេត្តត្រាត ឬដឹកជញ្ជូនទំនិញឧស្សាហកម្មតាមកំពង់ផែ ឡាំចាបាង។
អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស បញ្ជាក់ទៀតថា ការនាំចូលតាមព្រំដែនពីកម្ពុជា មានទំហំប្រហែល ១ពាន់លានដុល្លារ កាលពីឆ្នាំ ២០២៤ ហើយបរិមាណដ៏ធំបំផុត រួមមាន ដំឡូងមី និងសំណល់សម្រាប់កែច្នៃឧស្សាហកម្ម។គួរជម្រាបថា ក្នុងអំឡុងពេល ៥ខែដំបូងនៃឆ្នាំនេះ ការនាំចេញរបស់ថៃមកកម្ពុជា មានចំនួនសរុប ៤ពាន់ ៥រយលានដុល្លារ កើនឡើង ៨% ហើយការនាំចេញរបស់កម្ពុជា ទៅកាន់ថៃ វិញ មានប្រមាណ ៦០០លានដុល្លារអាមេរិក៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ