ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥

កម្ពុជា-ជប៉ុន ឯកភាពគ្នាពង្រីកទំនាក់ទំនងសេដ្ឋកិច្ច

០៣ កក្កដា ២០២៥ | សេដ្ឋកិច្ច

 

ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម ណាហ្គាស៊ីម៉ា អាគិហិសា (NAGASHIMA Akihisa) ទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រី និងជាសមាជិករដ្ឋសភាជប៉ុន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមសមាជិករដ្ឋសភាជប៉ុន បានប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈជប៉ុនគាំទ្រលើកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ដើម្បីទាក់ទាញនូវវិនិយោគិនជប៉ុនបន្ថែមទៀតផងដែរ។

 


ក្នុងឱកាសនោះ ឯកឧត្តមសមាជិករដ្ឋសភាជប៉ុន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅជប៉ុន-កម្ពុជា នៅក្នុងវិស័យគន្លឹះនានា និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច  កញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ( Economic Co-Creations Package) ដែលនេះគឺជាកាលានុវត្តភាពថ្មីមួយ ក្នុងការទាក់ទាញវិនិយោគិនជប៉ុនបន្ថែមទៀត មកវិនិយោគនៅប្រទេសកម្ពុជា។

 


លើសពីនេះ កញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន នឹងផ្តោតលើការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈការគាំទ្រដល់ក្រុមហ៊ុនជប៉ុន ការបង្កើតគម្រោងភាពជាដៃគូរដ្ឋ និងឯកជន ធ្វើឱ្យរីកចម្រើននៃបណ្តាញទូរគមនាគមន៍ ដើម្បីពង្រឹងឧស្សាហកម្ម និងភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់។

 


ជាការឆ្លើយតប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ពេញចិត្តចំពោះការដាក់ចេញនូវយន្តការថ្មីសម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ផ្តោតលើសសរស្តម្ភសំខាន់ៗទាំង៣ និងបានគូសបញ្ជាក់ថា ក្រសួងស្ថាប័នកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្សារភ្ជាប់ ទំនាក់ទំនង និងកិច្ចសហការជាមួយភាគីជប៉ុន ដើម្បីអនុវត្តយន្តការនៃកិច្ចសហប្រតិបត្តិការថ្មីនេះ ឱ្យទទួលបានជោគជ័យ។ 

 


គួរជម្រាបថា ប្រទេសជប៉ុនឈរនៅក្នុងចំណោមអ្នកវិនិយោគ និងដៃគូពាណិជ្ជកម្មដ៏ធំ និងសំខាន់បំផុតរបស់កម្ពុជា ដែលរួមចំណែកយ៉ាងខ្លាំងដល់វឌ្ឍនភាពសេដ្ឋកិច្ចសង្គមកម្ពុជា។ ក្នុងនោះ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន មានការរីកចម្រើនជាប់លាប់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយឈានដល់ប្រមាណ ២,៧ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤ ខណៈកម្ពុជាជឿជាក់យ៉ាងមុតមាំថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន-កម្ពុជា នឹងបំពេញគ្នាទៅវិញទៅមក ដែលអាចជំរុញឱ្យមានវិបុលភាពរួមគ្នាសម្រាប់ប្រជាជាតិទាំងពីរ៕
 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ 
 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025