ថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០២៥

ឆមាសទី ១ កម្ពុជា សម្រេចការនាំចេញស្រូវអង្ករជាង ១ពាន់លានដុល្លារ

០៣ កក្កដា ២០២៥ | សេដ្ឋកិច្ច

 

នៅក្នុងឆមាសទី ១ ឆ្នាំ២០២៥ ការនាំចេញស្រូវអង្កររបស់កម្ពុជា សម្រេចបានទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទិន្នន័យចេញផ្សាយដោយ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃនេះ។ 

 

 

សហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែមិថុនា កម្ពុជា រកចំណូលពីការនាំចេញស្រូវ និងអង្ករ សរុបជាង ១ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះ ការនាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិចំនួន ៦៣ប្រទេសនិងតំបន់ និងរកចំណូលបាន ២៨៣លានដុល្លារអាមេរិក។

 


ជាមួយគ្នានេះដែរ កម្ពុជា បាននាំចេញស្រូវសរុបបានចំនួនជាង ៣លានតោន ដែលគិតជាទឹកប្រាក់មានចំនួន ៧៥៧លានដុល្លារអាមេរិក។ដោយឡែក សម្រាប់អង្ករនាំចេញ គឺមានអង្ករក្រអូបគ្រប់ប្រភេទ នាំចេញបានចំនួន ៧៥%  អង្ករ ស ចំនួន ១៩% និងប្រភេទអង្ករផ្សេងៗប្រមាណ ៥%ទៀត។

 


បណ្តាប្រទេសក្នុងសហភាពអឺរ៉ុប ឈរជាទីផ្សារនាំមុខគេ សម្រាប់ការនាំចេញអង្ករររបស់កម្ពុជា ក្នុងរយៈពេល ៦ខែនេះ បើគិតជាទឹកប្រាក់សរុបជាង ១៤៣លានដុល្លារអាមេរិក ហើយបន្ទាប់ពីនោះ គឺប្រទេសចិន ជាអ្នកទិញអង្ករកម្ពុជាលំដាប់ទី ២ គិតជាទឹកប្រាក់ ៦០លានដុល្លារអាមេរិក។សូមជម្រាបថា គិតត្រឹមមួយឆ្នាំពេញ ២០២៤ ការនាំចេញស្រូវអង្កររបស់កម្ពុជា សម្រេចបានទឹកប្រាក់ប្រមាណជិត ២ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញអង្ករសម្រេចបានជាង ៤៩០លានដុល្លារ និងស្រូវ ជិត ១ពាន់ ៥រយលានដុល្លារអាមេរិក៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025