ថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥

Justin Bieber បញ្ចេញអាល់ប៊ុមថ្មីដំបូង ក្រោយស្ងប់ស្ងាត់ជាងបួនឆ្នាំ

១១ កក្កដា ២០២៥ | កម្សាន្ដ

 

តារាចម្រៀងប៉ុបកាណាដា Justin Bieber បានបំបែកភាពស្ងប់ស្ងាត់ជាង ៤ ឆ្នាំរបស់ខ្លួនលើឆាកតន្ត្រី តាមរយៈការប្រកាសចេញអាល់ប៊ុមទីប្រាំពីរមានចំណងជើងថា “Swag” ។ 

 


តាមរយៈគណនី Instagram នៅថ្ងៃទី១១ ខែកក្កដានេះ តារាចម្រៀង Justin Bieber បានចាប់ផ្ដើមផ្សព្វផ្សាយអាល់ប៊ុមថ្មីរបស់ខ្លួនមានចំណងជើង “Swag” ខណៈបានបង្ហាញរូបភាពពីអាល់ប៊ុមនេះលើផ្ទាំងប៉ាណូនៅតំបន់ផ្សេងៗជាច្រើនជុំវិញពិភពលោក។

 


ផ្ទាំងរូបភាពជាច្រើនបានបង្ហាញថាអាល់ប៊ុមថ្មីនេះនឹងរួមមានបទចម្រៀងថ្មីៗដូចជាបទ All I Can Take, Walking Away, Dadz Love និងបទ Forgiveness។ សារព័ត៌មាន Hollywood Reporter បានរាយការណ៍ថាអាល់ប៊ុមនេះនឹងចេញលក់ និងមានលើសេវាកម្ម Streaming នានានៅថ្ងៃសុក្រ ទី១១ ខែកក្កដា ម៉ោងនៅអាមេរិក ត្រូវនឹងថ្ងៃសៅរ៍នៅកម្ពុជា។

 


អាល់ប៊ុមថ្មីនេះនឹងកត់សម្គាល់ការចេញស្នាដៃចម្រៀងថ្មីលើកដំបូងរបស់ Justin ចាប់តាំងពីអាល់ប៊ុម "Justice" បានចេញក្នុងឆ្នាំ ២០២១ ហើយក៏ជាអាល់ប៊ុមដំបូងដូចគ្នាបន្ទាប់ពីលោកបានក្លាយជាឪពុកគេ ដោយកាលពីខែសីហាឆ្នាំ ២០២៤ តារាវ័យ ៣១ ឆ្នាំនិងភរិយាគឺតារាម៉ូដែល Hailey Bieber បានប្រកាសកំណើតកូនដំបូងរបស់ពួកគេមានឈ្មោះថា Jack Blues Bieber។

 


កាលពីឆ្នាំ ២០២៣ Justin Bieber បានលក់សិទ្ធិលើបទចម្រៀងក្នុងអាល់ប៊ុមដែលបានចេញទាំង ៦ របស់ខ្លួន ដែលរួមទាំងបទល្បីៗដូចជា Sorry និង Baby ឱ្យទៅក្រុមហ៊ុន Hipgnosis ដែលជាក្រុមហ៊ុនវិនិយោគតន្ត្រីមានមូលដ្ឋាននៅចក្រភពអង់គ្លេស។

 

 

ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុក្នុងកិច្ចព្រមព្រៀងនេះមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ប៉ុន្តែទស្សនាវដ្តី Billboard រាយការណ៍ថា ការលក់នេះមានតម្លៃប្រហែល ២០០ លានដុល្លារអាមេរិក ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025