ថ្ងៃអង្គារ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៥

ផ្ទាំងគំនូរមួយត្រូវបានលក់ដេញថ្លៃបានក្នុងតម្លៃជិត២លានដុល្លារនៅប្រទេសអាហ្វ្រិកខាងត្បូង

១៤ កក្កដា ២០២៥ | កម្សាន្ដ

កូនស្រីរបស់ខ្មោចវិចិត្រករម្នាក់បានដាក់លក់ដេញថ្លៃនូវផ្ទាំងគំនូររបស់ឪពុកគាត់បានក្នុងតម្លៃជិត២លានដុល្លារកាលពីថ្ងៃទី២៧ ខែឧសភានៅក្នុងទីក្រុងចូហាណេស្ប៊ើកនៅប្រទេសអាហ្វ្រិកខាងត្បូង។

 

 


អ្នកស្រី អេលីណា ត្រេតឈីកូហ្វ (Elena Tretchikoff) ដែលជាកូនស្រីរបស់ខ្មោចវិចិត្តករលោក វ្ល៉ាឌីមៀ ត្រេតឈីកូហ្វ (Vladimir Tretchikoff) បានលក់ផ្ទាំងគំនូរ«ស្ត្រីមកពីតំបន់អូរៀន (Lady for the Orient)»ដែលជាស្នាដៃរបស់ឪពុកនាងកាលថ្ងៃទី២៧ ខែឧសភាក្នុងតម្លៃ១.៧លានដុល្លារក្នុងការដេញថ្លៃនៅទីក្រុងចូហាណេស្ប៊ើកប្រទេសអាហ្វ្រិកខាងត្បូង។

 

 


អ្នកស្រី អេលីណា បាននិយាយថា នៅទីបំផុត ឪពុករបស់នាងត្រូវបានគេទទួលស្គាល់ថាជាវិចិត្រករដ៏អស្ចារ្យមួយរូបហើយនៅក្នុងប្រទេសនេះតាមរយៈការលក់បានថ្លៃនូវផ្ទាំងគំនូររបស់គាត់ ហើយវាក៏ជាការសម្រេចបាននូវអ្វីដែលគាត់ប្រាថ្នាចង់បានក្នុងពេលគាត់នៅមានជីវិត និងបានឆ្លុះបញ្ចាំងពីជីវិត និងកេរដំណែលដ៏អស្ចារ្យរបស់ឪពុកនាងតាមរយៈផ្ទាំងគំនូរនិមិត្តរូបដែលគូរនៅឆ្នាំ១៩៥នេះផងដែរ។

 

 


អ្នកស្រី អេលីណា បានរំលឹកអំពីអតីតកាលថា ផ្ទាំងគំនូររបស់លោក ត្រេតឈីកូហ្វ នេះត្រូវបានគេស្គាល់ថាជារូបគំនូរដ៏រស់រវើក ប៉ុន្តែក៏ត្រូវបានគេមើលឃើញថាជាគំនូរមួយបង្ហាញពីការរើសអើងពណ៌សម្បុរផងដែរ ដូច្នេះហើយនៅទសវត្សរ៍ឆ្នាំ១៩៦០ និង៧០ គំនូរនេះមិនត្រូវបានអនុញ្ញាតឱ្យដាក់តាំងនៅក្នុងវិចិត្រសាលសំខាន់ៗឡើយ ហើយលោក ត្រេតឈីកូហ្វ ក៏បានយកវាទៅតាំងនៅហាងលក់ទំនិញជំនួសវិញនៅពេលនោះ។

 

 


ការលក់បានថ្លៃនេះបានធ្វើឱ្យគំនូរ Lady for the Orient នេះបំបែកកំណត់ត្រាពិភពលោកថ្មីមួយសម្រាប់វិចិត្រករអាហ្វ្រិកខាងត្បូងដែលមានដើមកំណើតរុស្ស៊ីរូបនេះដោយបានឈ្នះគំនូរ Chinese Girl គូរនៅឆ្នាំ១៩៥២ដែលលក់បានក្នុងតម្លៃ១.៥លានដុល្លារនៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេសនៅឆ្នាំ២០២៣៕

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន  

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025