ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥

ប្រមុខការពារជាតិកម្ពុជា ប្រតិកម្មចំពោះទង្វើហិង្សាលើទាហានកម្ពុជា នៅប្រាសាទតាមាន់ធំ

១៦ កក្កដា ២០២៥ | ព័ត៌មានជាតិ

 


ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រតិកម្មនិងបង្ហាញក្តីហួសចិត្ត ចំពោះអំពើហិង្សារបស់អតីតទាហានឈុតខ្មៅថៃម្នាក់ ជាមួយនឹងបក្ខពួកដែលបានលបវ៉ៃ មកលើកងទ័ពកម្ពុជាដែលកំពុងឈរជើងនៅប្រាសាទតាមាន់ធំ កាលពី១៣ ខែកក្កដាកន្លងទៅ។ 

 


នៅចំពោះមុខមន្រ្តីសម្របសម្រួលរបស់អង្គការសហប្រជាតិ សេនានុព័ន្ធ និងអនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា ក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍របស់កងទ័ពមួកខៀវ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាពនៅអាហ្រ្វិកកណ្តាល នាព្រឹកថ្ងៃទី១៥ ខែកក្កដា ប្រមុខការពារជាតិកម្ពុជា បានចាត់ទុក ទង្វើហិង្សានេះ ជាការញុះញង់ ដុតកំដៅធ្វើឲ្យព្រំដែនកាន់តែមានភាពតានតឹង និងបង្កជម្លោះរវាងប្រជាជាតិទាំងពីរ។

 

 

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានប្រតិកម្មទៅកាន់បណ្តាសារព័ត៌មាន និងអ្នកនយោបាយថៃមួយចំនួន ដែលបានផ្សព្វផ្សាយលើសពីការពិត ។ ជាក់ស្តែង ដូចជា ករណីទាហានបាញ់ប្រហារមកលើកន្លែងឈរជើងជាយូរមកហើយរបស់ទាហានកម្ពុជា កាលពីថ្ងៃទី២៨ ឧសភា បណ្តាលឲ្យទាហានកម្ពុជាស្លាប់ បែរផ្សព្វផ្សាយថា កម្ពុជាជាអ្នកបាញ់មុន ។ រីឯករណីលបវ៉ៃ មកលើកងទ័ពកម្ពុជាដែលកំពុងឈរជើងនៅប្រាសាទតាមាន់ធំ បែរជានិយាយថា ទាហានកម្ពុជាញុះញង់ធ្វើឲ្យជនបង្កជាជនជាតិថៃទប់អារម្មណ៍។ 

 


ឯកឧត្តម នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា ប្រសិនបើរាជរដ្ឋាភិបាលថៃ មានឆន្ទះក្នុងការដោះស្រាយពិតប្រាកដ បញ្ហាដែលបានកើតមានឡើងទាំងនេះ ត្រូវតែគ្រប់គ្រងឲ្យបានឲ្យមានភាពយុត្តិធម៌ ហើយប្រសិនបើគ្មានភាពយុត្តិធម៌ នៅប្រទេសថៃទេ សូមទៅតុលាការយុត្តិធម៌អន្តរជាតិជាមួយកម្ពុជា។គួរបញ្ជាក់ថា កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅប្រាសាទតាមាន់ធំ អតីតទាហានឈុតខ្មៅថៃម្នាក់ ជាមួយនឹងបក្ខពួកម្នាក់ទៀត បានលបវ៉ៃមកលើកងទ័ពកម្ពុជា ទាំងមិនដឹងខ្លួន បណ្តាលឲ្យភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរ កំពុងដើរលេងកម្សាន្ត។ ក្រោយមានហេតុការណ៍ ជនបង្កទាំង២នាក់ ក៏ត្រូវបានសមត្ថកិច្ចថៃ ឃាត់ខ្លួនបានផងដែរ៕ 

 


 

 

 

អត្ថបទ៖ សន រដ្ឋា  រូបភាព៖ ញិល សុជា

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025