ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥

រដ្ឋមន្ត្រីការបរទេសឥណ្ឌានិងចិនជួបពិភាក្សានៅទីក្រុងប៉េកាំង

១៥ កក្កដា ២០២៥ | ព័ត៌មានអន្តរជាតិ

 

ប្រទេសឥណ្ឌា និងចិន ត្រូវតែដោះស្រាយបញ្ហាមិនចុះសម្រុងនិងគ្នានៅតាមបណ្តោយព្រំដែនប្រទេសទាំង២, ដកទ័ព, និងជៀសវាងវិធានការណ៍រឹតបន្តឹងពាណិជ្ជកម្ម ដើម្បីធ្វើឱ្យទំនាក់ទំនងរបស់ពួកគេ មានលក្ខណៈធម្មតាវិញ។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌាថ្លែងទៅកាន់សមភាគីចិននៅទីក្រុងប៉េកាំងនៅថ្ងៃច័ន្ទ (១៤កក្កដា)។ 
 

លោក Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានជួបជាមួយលោក Wang Yi  នៅទីក្រុងប៉េកាំង អំឡុងពេលដំណើរទស្សនកិច្ចដំបូងរបស់លោកទៅកាន់ប្រទេសឥណ្ឌាចាប់តាំងពីឆ្នាំ២០២០ នៅពេលកើតមានហេតុការណ៍ប៉ះទង្គិចនៅតំបន់ព្រំដែនដែលបង្កឱ្យមានយោធាប្រទេសទាំង២ស្លាប់ ហើយឈានទៅរកជម្លោះយោធារយៈពេល៤ឆ្នាំ និងប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំង២ រហូតបានធូរស្រាលវិញនៅខែតុលា នៅពេលប្រទេសឥណ្ឌា និងចិនឯកភាពគ្នា។ 
 

លោក Jaishankar ថ្លែងប្រាប់រដ្ឋមន្ត្រីការបរទេសចិន លោកWang ដូច្នេះថា «ការវិវត្តន៍ទៅមុខល្អ» នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរក្នុងពេល៩ខែកន្លងមកដែលបានធ្វើឱ្យទំនាក់ទំនងទៅជាប្រក្រតីធម្មតាឡើងវិញ គឺជាលទ្ធផលនៃដំណោះស្រាយការប៉ះទង្គិចនៅតាមព្រំដែនប្រទេសចិននិងឥណ្ឌា។ 
 

ប្រទេសឥណ្ឌា និងចិន មានព្រំដែនជាមួយគ្នាប្រវែង៣៨០០គីឡូម៉ែត្រ មានការកំណត់ព្រំដែនមិនសូវបានល្អ និងមានទំនាស់និងគ្នាចាប់តាំងពីទសវត្សឆ្នាំ១៩៥០។ 

 

កាលពីខែមុន រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Rajnath Singh បានប្រាប់សមភាគីចិនរបស់លោកថា ប្រទេសទាំង២គួរស្វែងរកដំណោះស្រាយជាអចិន្ត្រៃយ៍ចំពោះទំនាស់ព្រំដែន។ ការលើកឡើងដូច្នេះបានបង្ហាញនូវជំហានថ្មី១ពីរដ្ឋាភិបាលទីក្រុងញូវដេលីក្នុងការដោះស្រាយបញ្ហាប៉ះទង្គិចនៅតំបន់ព្រំដែន។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025