ថ្ងៃអង្គារ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៥

Rihanna នាំកូនទាំង ៣ មកសម្ពោធស្នាដៃភាពយន្តថ្មីនៅហូលីវូដ

១៥ កក្កដា ២០២៥ | កម្សាន្ដ

 

តារាចម្រៀង Rihanna និងកូនៗរបស់ខ្លួនបានបង្ហាញវត្តមានរួមគ្នាដើម្បីចូលរួមពិធីសម្ពោធបញ្ចាំងលើកដំបូងសម្រាប់ភាពយន្តគំនូរជីវចល 'Smurfs' នៅទីក្រុង Los Angeles។

 

 


តារាចម្រៀងសេដ្ឋីនី Rihanna បានដឹកដៃកូនប្រុសទាំង ២ ខណៈកូនម្នាក់ទៀតកំពុងនៅក្នុងផ្ទៃ ដើម្បីចូលរួមពិធីសម្ពោធបញ្ចាំងភាពយន្តគំនូរជីវចល 'Smurfs' នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣ ខែកក្កដា ខណៈក្នុងរឿងនេះនាងបានចូលរួមបញ្ចូលសំឡេងតួឯក និងច្រៀងបទចម្រៀង OST។

 

 


ភាពយន្តគំនូរជីវចលបែប musical និង Live Action ថ្មីនេះត្រូវបានផលិតដោយផ្អែកលើស៊េរីសៀវភៅត្លុកមានចំណងជើងដូចគ្នា ខណៈសាច់រឿងសង្ខេបគឺនិយាយពីបេសកកម្មរបស់ក្រុមតុក្កតា Smurf ដែលត្រូវធ្វើដំណើរចូលទៅកាន់ពិភពមនុស្សលោកដើម្បីរំដោះសមាជិកសំខាន់ម្នាក់របស់ខ្លួនដែលត្រូវបានតួអង្គអាក្រក់ចាប់យកទៅ។

 


ចូលរួមបញ្ចូលសំឡេងសម្រាប់តួឯកស្រី ឈ្មោះ Smurette តារាចម្រៀង Rihanna បាននិយាយថា នាងពិតជាស្រលាញ់តួអង្គនេះណាស់ ព្រោះតួឯកស្រីនេះមានភាពជាអ្នកដឹកនាំ គឺជាចៅហ្វាយនាយ ប៉ុន្តែមានភាពទន់ភ្លន់ និងតែងតែលើកទឹកចិត្តអ្នកជុំវិញខ្លួនបានយ៉ាងល្អ។

 


ពិធីសម្ពោធបញ្ចាំងនេះក៏មានការចូលរួមពីសំណាក់តារាល្បីៗផ្សេងទៀតដូចជា Amy Sedaris, Hannah Waddingham, Alex Winter, Xolo Mariduena, Billie Lourd និង John Goodman ដែលសុទ្ធតែជាអ្នកបញ្ចូលសំឡេងក្នុងភាពយន្តគំនូរជីវចលមួយនេះ។ភាពយន្តគំនូរជីវចលថ្មីរបស់ផលិតកម្ម Paramount Pictures មួយនេះគ្រោងនឹងចេញបញ្ចាំងនៅសហរដ្ឋអាមេរិក និងទូទាំងពិភពលោកចាប់ពីថ្ងៃទី ១៨ ខែកក្កដា ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025