ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥

Scarlett Johansson ក្លាយជាតួឯកកុនរកចំណូលបានច្រើនជាងគេនៅហូលីវូដ 

០៩ កក្កដា ២០២៥ | កម្សាន្ដ

 

តារាស្រីអាមេរិក Scarlett Johansson បានក្លាយជាតួឯកកុនដែលមានភាពយន្តរកចំណូលបានច្រើនជាងគេនៅហូលីវូដ បន្ទាប់ពីភាពជោគជ័យនៃរឿង “Jurassic World: Rebrith”។

 


តារាសម្ដែងស្រីល្បីឈ្មោះ Scarlett Johansson បានក្លាយជាតួឯកស្រីឈានមុខគេរបស់ហូលីវូដដែលអាចរកចំណូលភាពយន្តបានខ្ពស់បំផុត បន្ទាប់ពីជោគជ័យនៃខ្សែភាពយន្តថ្មីរបស់នាងគឺរឿង Jurassic World Rebirth ។

 


ទើបតែចាប់ផ្ដើមបញ្ចាំងក្នុងរោងកុនកាលពីសប្តាហ៍មុន ប៉ុន្តែភាពយន្តដំណើរផ្សងព្រេងជាមួយដាយណូស័រ Jurassic World Rebirth អាចរកចំណូលបាន ៣២៣ លានដុល្លារនៅតារាង Box Office ទូទាំងពិភពលោកសម្រាប់សប្ដាហ៍ដំបូងនេះ ធ្វើអោយ Johansson ដែលអ្នកគាំទ្រភាពយន្ត Avengers ជាច្រើនបានស្គាល់ផងដែរតាមរយៈតួអង្គ Black Widow បានក្លាយជាតួឯកស្រីឈានមុខគេដែលមានភាពយន្តរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។

 


ជាក់ស្ដែង ភាពយន្តទាំងអស់ដែលនាងបានសម្ដែងក្នុងរយៈពេលជាច្រើនទសវត្សរ៍នៃអាជីព អាចរកប្រាក់ចំណូលសរុប ១៤.៨ ពាន់លានដុល្លារអាមេរិក។ តួលេខនេះបានធ្វើឱ្យនាងវ៉ាដាច់តារា MCU ផ្សេងទៀតដូចជា Robert Downey Jr., Samuel L. Jackson និង Chris Pratt ដែលធ្លាប់បានសម្តែងក្នុងសែស្រឡាយរឿង Jurassic World ដូចគ្នាដែរ។

 


គួរបញ្ជាក់ថា នៅក្នុងខ្សែភាពយន្តចុងក្រោយរឿង Jurassic World Rebirth ដែលដឹកនាំដោយ Gareth Edwards តារាស្រិវ័យ ៤០ឆ្នាំ Scarlett Johansson បានដើរតួជា Zarah Bennett ជាអ្នកឯកទេសផ្នែកប្រតិបត្តិការដឹកនាំបេសកកម្មទៅកាន់កោះដែលជាកន្លែងពិសោធន៍ Jurassic Park និងបានធ្វើដំណើរផ្សងគ្រោះថ្នាក់ជាមួយដាយណូស័រ។ ក្រៅពី Scarlett Johansson តួសម្តែងផ្សេងទៀតរួមមាន Jonathan Bailey, Mahershala Ali, Rupert Friend, Manuel Garcia-Rulfo និង Ed Skrein ជាដើម ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025