ថ្ងៃអង្គារ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២៥
សម្ដែងហូលីវូដតួរឿង “Fantastic Four” និង “Nip/Tuck” លោក Julian McMahon បានទទួលមរណភាពនៅវ័យ ៥៦ឆ្នាំ កាលពីសប្ដាហ៍កន្លងទៅដោយសារតែជំងឺមហារីក។
តារាសម្តែងជនជាតិអូស្ត្រាលីលោក Julian McMahon (ជូលៀន ម៉េកមេន) ដែលអ្នកគាំទ្រកុនហូលីវូដជាច្រើនបានស្គាល់តាមរយៈការសម្ដែងក្នុងភាពយន្តល្បីៗដូចជារឿងភាគ "Nip/Tuck", រឿងភាគ "Charmed" និងភាពយន្តខ្នាតធំ "Fantastic Four" បានទទួលមរណភាពកាលពីថ្ងៃទី២ ខែកក្កដា ក្នុងអាយុ ៥៦ ឆ្នាំបន្ទាប់ពីការប្រយុទ្ធជាមួយជំងឺមហារីកយ៉ាងស្ងៀមស្ងាត់។
នៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់សារព័ត៌មាន Deadline កាលពីថ្ងៃទី៤ ខែកក្កដា ភរិយារបស់លោក McMahon គឺអ្នកស្រី Kelly McMahon បានបញ្ជាក់ថាស្វាមីរបស់អ្នកស្រី "បានទទួលមរណភាពដោយស្ងប់ បន្ទាប់ពីការខិតខំប្រឹងប្រែងយ៉ាងក្លាហានដើម្បីយកឈ្នះលើជំងឺមហារីក" ។
កើតនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី លោក McMahon បានចាប់ផ្តើមអាជីពសិល្បៈដំបូងជាតារាម៉ូដែល ហើយក៏បានផ្លាស់ប្តូរទៅផ្នែកសម្តែង ដោយបានទទួលតួនាទីដំបូងក្នុងរឿងភាគពេលថ្ងៃរបស់អូស្រ្តាលីដូចជា "The Power, the Passion" និង "Home and Away" ។
សម្រាប់ការផ្លាស់ប្តូរទៅកាន់ហូលីវូដ លោកបានសម្តែងនៅក្នុងរឿងភាគទូរទស្សន៍ដ៏ពេញនិយមដូចជា "Charmed" និង "Nip/Tuck" ដែលធ្វើឱ្យលោកមានឈ្មោះប្រកួតប្រជែងពានរង្វាន់ Emmy និងទទួលបានពានរង្វាន់ពីកម្មវិធី Golden Globe ។
លោកបានសម្ដែងជាតួ Dr. Doom នៅក្នុងភាពយន្ត Fantastic Four ចំនួនពីរភាគ គឺ "Fantastic Four" ឆ្នាំ ២០០៥ និងភាគទី២នៅឆ្នាំ ២០០៧ មានចំណងជើងថា "Fantastic Four: Rise of the Silver Surfer"។ នាពេលថ្មីៗ លោកបានបង្ហាញមុខចុងក្រោយក្នុងរឿង "The Surfer" កាលពីឆ្នាំ ២០២៤ ជាមួយតារាសម្ដែង Nicolas Cage ៕
ប្រែសម្រួល៖ វ៉ាន់ថន