ថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥

ត្រឹមសប្ដាហ៍ទី១ ‘Jurassic World Rebirth’ កើបចំណូលបាន ៣២៣ លានដុល្លារ

០៨ កក្កដា ២០២៥ | កម្សាន្ដ

 

ភាពយន្តទី៧នៃសែស្រឡាយភាពយន្តដាយណូស័រ “Jurassic World” អាចរកចំណូលក្នុងសប្ដាហ៍ដំបូងបានលើសការរំពឹងទុក ពោលគឺរហូតដល់ ៣២៣ លានដុល្លារពីការបញ្ចាំងទូទាំងពិភពលោក។

 


រយៈពេល ៥ ថ្ងៃដំបូងបន្ទាប់ពីចេញបញ្ចាំង ភាពយន្ត “Jurassic World Rebrith” របស់ក្រុមហ៊ុន Universal និង Amblin អាចរកចំណូលបាន ១៤៧,៨ លានដុល្លារ នៅសហរដ្ឋអាមេរិក និងប្រមាណ ១៧៤,៨ លានដុល្លារទៀតពីប្រទេសផ្សេងៗទៀតជុំវិញពិភពលោក ធ្វើឱ្យចំណូលសរុបរបស់រឿងនេះក្នុងសប្ដាហ៍ដំបូងហក់ឡើងដល់ជិត ៣២៣ លានដុល្លារ និងក្លាយជាភាពយន្តរកចំណូលបានខ្ពស់ជាងគេលើតារាង Box Office សប្ដាហ៍នេះ។

 


ដឹកនាំដោយលោក Gareth Edwards ភាពយន្ត "Jurassic World: Rebirth" មិនមានសាច់រឿងពាក់ព័ន្ធនឹងភាពយន្តពិភពដាយណូស័រ "Jurassic World” វគ្គមុនៗនោះទេ ប៉ុន្តែនឹងនិយាយពីរឿងរ៉ាវរបស់តួអង្គថ្មីមួយក្រុមនាំមុខដោយតារាស្រី Scarlett Johansson និងតារាប្រុស  Jonathan Bailey ដោយពួកគេត្រូវបំពេញបេសកកម្មលើកោះហាមឃាត់ ដើម្បីតាមរកគំរូ DNA ពីដាយណូស័រ ៣ ប្រភេទដើម្បីយកមកធ្វើជាថ្នាំសង្គ្រោះជីវិតមនុស្ស។

 


ចំណាយដើមទុនផលិតអស់ ១៨០ លានដុល្លារ ភាពយន្តនេះត្រូវបានចេញបញ្ចាំងរយៈពេល៣ឆ្នាំបន្ទាប់ពីវគ្គមុនគឺរឿង Jurassic World Dominion ដែលមានតារាសម្ដែង Chris Pratt ជាតួឯកបានចេញកាលពីឆ្នាំ២០២២ និងរកចំណូលពីការលក់សំបុត្របានដល់ ១ ពាន់លានដុល្លារ។

 


ងាកមកភាពយន្តដែលជាប់ចំណាត់ថ្នាក់លេខ២ក្នុងសប្ដាហ៍នេះ គឺភាពយន្តប្រណាំងឡាន “F1” របស់តារាសម្ដែង Brad Pitt ដែលអាចរកចំណូលបន្ថែមបានជិត ២៦ លានដុល្លារនៅអាមេរិកក្នុងកំលុងចុងសប្ដាហ៍មុន ស្របពេលចំណូលសរុបទូទាំងពិភពលោកឡើងដល់ ២៩៣ លានដុល្លារក្រោយចេញបញ្ចាំងបានពីរសប្ដាហ៍ ៕
 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025