ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ក្រុមចម្រៀងបុរស Super Junior បានបំបែកកំណត់ត្រាលក់របស់ខ្លួនជាមួយអាល់ប៊ុមចម្រៀងថ្មី ដែលចេញលក់ក្នុងឱកាសគម្រប់ខួប ២០ ឆ្នាំនៃការបង្ហាញមុខរបស់ពួកគេ។
ក្រុមចម្រៀង K-pop ជើងចាស់ Super Junior បានបំបែកកំណត់ត្រាការលក់ដ៏ខ្ពស់តាមរយៈការចេញអាល់ប៊ុមខ្នាតពេញទី ១២ របស់ខ្លួន ជាមួយការប្រារព្ធខួបគម្រប់ ២០ ឆ្នាំរបស់ក្រុម ដែលបង្ហាញពីប្រជាប្រិយភាពដ៏រឹងមាំនិងគង់វង្សរបស់ពួកគេទូទាំងពិភពលោក។
យោងតាមគេហទំព័រ Hanteo Chart អាល់ប៊ុមថ្មីមានចំណងជើងថា "Super Junior25" អាចលក់បានប្រមាណ ៣១ ម៉ឺនច្បាប់ក្នុងសប្តាហ៍ដំបូងបន្ទាប់ពីការចេញផ្សាយនៅថ្ងៃទី ៨ ខែកក្កដា ដែលបានក្លាយជាកំណត់ត្រាលក់ប្រចាំសប្តាហ៍ដំបូងខ្ពស់ដ៏បំផុតរបស់ក្រុមនេះគិតមកដល់បច្ចុប្បន្ន។ កំណត់ត្រាចាស់របស់ពួកគេគឺអាល់ប៊ុម “Time_Slip” កាលពីឆ្នាំ២០១៩ ដែលអាចលក់បាន ២៧ ម៉ឺនច្បាប់។
ទន្ទឹមនោះ បទចម្រៀងសំខាន់របស់អាល់ប៊ុមមានចំណងជើងថា "Express Mode" ក៏បានទទួលការគាំទ្រយ៉ាងខ្លាំងជាអន្តរជាតិ ដោយបានឈរនៅចំណាត់ថ្នាក់កំពូលនៃតារាង iTunes Top Albums នៅក្នុង ២០ ប្រទេសនិងតំបន់ រួមមាន អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម ម៉ិកស៊ិក សិង្ហបុរី និងថៃ ព្រមទាំងបានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាងអាល់ប៊ុមឌីជីថល QQ Music និង Kugou Music របស់ចិន ក៏ដូចជាតារាងអាល់ប៊ុមប្រចាំថ្ងៃរបស់កូរ៉េរួមមាន Hanteo និង Bugs ។
ដើម្បីអបអរការត្រលប់មកវិញរបស់ពួកគេ Super Junior ក៏បានបង្ហាញមុខនៅប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗមួយចំនួនដែរដូចជាទស្សនាវដ្តី K-culture ដំបូងរបស់ប្រេស៊ីល HIT! ទស្សនាវដ្ដី Billlboard ប្រេស៊ីល និងទស្សនាវដ្ដីប្រចាំសប្តាហ៍ Panorama របស់អ៊ីតាលី ៕
ប្រែសម្រួល៖ វ៉ាន់ថន