ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥

Hailey Bieber នៅក្បែរចាំគាំទ្រ Justin Bieber រហូតកំលុងពេលធ្វើអាល់ប៊ុម “Swag”

១៦ កក្កដា ២០២៥ | កម្សាន្ដ

 

ភរិយារបស់តារាចម្រៀងប៉ុប Justin Bieber គឺតារាម៉ូដែល Hailey Bieber ត្រូវបានប្រភពជិតស្និទ្ធបង្ហើបថាបាននៅក្បែរចាំគាំទ្រស្វាមីរហូតកំលុងពេលធ្វើអាល់ប៊ុមថ្មី ខុសពីព័ត៌មានចចាមអារ៉ាមដែលនិយាយថាពួកគេកំពុងមានបញ្ហាបែកបាក់គ្នា។

 


តារាចម្រៀងកាណាដា Justin Bieber បានចេញអាល់ប៊ុមចុងក្រោយរបស់ខ្លួនមានចំណងជើងថា SWAG និងបានទទួលនូវមតិវិជ្ជមានយ៉ាងច្រើនពីអ្នកគាំទ្រជុំវិញពិភពលោក តាមរយៈការបង្កើតបទចម្រៀងចម្រុះចង្វាក់តាមបែបរបស់ខ្លួន។ ថ្មីៗនេះ ប្រភពជិតស្និទ្ធនឹងតារាចម្រៀងរូបនេះ បានបង្ហើបថា ភរិយារបស់លោក គឺតារាម៉ូដែល Hailey Bieber បាននៅក្បែរចាំគាំទ្រស្វាមីរហូតក្នុងកំលុងពេលធ្វើអាល់ប៊ុមថ្មីនេះ។

 


ប្រភពផ្ទៃក្នុងដែលជាអ្នកពាក់ព័ន្ធក្នុងការផលិតអាល់ប៊ុម SWAG របស់ Justin Bieber បានបង្ហាញរឿងរ៉ាវតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ជាការច្រានចោលនូវពាក្យចចាមអារ៉ាមអំពីភាពប្រេះឆាក្នុងអាពាហ៍ពិពាហ៍របស់តារាទាំងពីរដែលលេចឡើងកាលពីប៉ុន្មានខែមុន។ ប្រភពបានបង្ហាញថា Hailey Bieber បាននៅក្បែរ Justin បានគាំទ្រស្វាមីរហូតសម្រាប់ដំណើរការផលិតអាល់ប៊ុមថ្មីនេះ ខណៈនេះជាស្នាដៃតន្ត្រីដែលលោកបានផលិតឡើងដោយខ្លួនឯងដំបូងបង្អស់។

 


ប្រភពក៏បានបង្ហាញផងដែរថា Justin Bieber មានអារម្មណ៍ថាលោកអាចបង្កើតអាល់ប៊ុមតាមរបៀបដែលខ្លួនចង់បាន បន្ទាប់ពីមានការផ្លាស់ប្តូរជាច្រើនកើតឡើងក្នុងអាជីព ដូចជាការចែកផ្លូវគ្នាពីអតីតអ្នកចាត់ការ Scooter Braun ។

 

 

សម្រាប់អាល់ប៊ុម SWAG, Justin Bieber បានធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង តាំងពីការងារ Creative ការជ្រើសរើសតន្ត្រីករ និងផលិតករផ្ទាល់ខ្លួន ព្រមទាំងបានប្រើសំលេងផ្ទាល់ៗ ជាមួយឧបករណ៍តន្ត្រីដើម្បីធ្វើឱ្យបទចម្រៀងនៅក្នុងអាល់ប៊ុមមានសំឡេងដូចច្រៀងផ្ទាល់ សាមញ្ញ និងកាន់តែច្បាស់។

 


ប្រភពបាននិយាយថា Hailey បានជំរុញឱ្យ Justin ធ្វើតាមគំនិតសិល្បៈរបស់លោក។ នាងជួយលោកឱ្យជឿជាក់លើខ្លួនឯងនិងធ្វើអ្វីដែលលោកតែចង់ធ្វើក្នុងនាមជាអ្នកចម្រៀងម្នាក់ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025