ថ្ងៃអង្គារ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៥

Ariana Grande ការងារភាពយន្តជាប់រដឹក តែក៏មិនចោលការងារចម្រៀង

២១ កក្កដា ២០២៥ | កម្សាន្ដ

 

បើទោះជារវល់នឹងការងារភាពយន្តជាបន្តបន្ទាប់ប៉ុន្តែ តារាចម្រៀង Ariana Grande បានបញ្ជាក់ប្រាប់អ្នកគាំទ្រថានាងនឹងមិនចោលការងារចម្រៀងនោះឡើយ។

 

 

បន្ទាប់ពីបានប្រកាសថានឹងចូលរួមក្នុងគម្រោងភាពយន្តគំនូរជីវចលថ្មី តារាចម្រៀងល្បីអាមេរិក Ariana Grande ក៏បានបញ្ជាក់ប្រាប់អ្នកគាំទ្រថា នាងមិនបានបោះបង់អាជីពចម្រៀង ដើម្បីផ្ដោតលើការងារភាពយន្តនោះទេ។

 


តារាចម្រៀងម្ចាស់បទ "Thank U, Next" និងជាតួឯកស្រីម្នាក់ក្នុងភាពយន្ត "Wicked" បានចែករំលែករូបថតរបស់នាងជាមួយតារាសម្ដែង Josh Gad ព្រមទាំងបញ្ជាក់ចំណងជើងភាពយន្តថ្មី "Oh, The Places You'll Go!" ដូចដែលក្រុមហ៊ុន Warner Brothers បានប្រកាសថា អ្នកទាំងពីរនឹងត្រូវបញ្ចូលសំឡេងតួឯកក្នុងគម្រោងភាពយន្តគំនូរជីវចលមួយនេះដែលគ្រោងចេញបញ្ចាំងក្នុងឆ្នាំ២០២៨។

 


គួរបញ្ជាក់ថា Ariana Grande ក៏គ្រោងនឹងត្រលប់មកបង្ហាញមុខជាតួអង្គមេមត់ Glinda សាជាថ្មីនៅចុងឆ្នាំនេះនៅក្នុងភាពយន្តរឿង "Wicked: For Good" ដែលជាវគ្គបញ្ចប់សម្រាប់ភាពយន្តល្ខោនតន្ត្រី “Wicked”។

 


ទោះជាកាលវិភាគការងារសម្ដែងហាក់មានភាពមមាញឹក ប៉ុន្តែ Ariana បានសរសេរនៅលើ Instagram របស់ខ្លួនថា វាមិនអាចទៅរួចទេ ដែលគ្រប់គ្នាសន្មត់ថានាងរវល់ជាមួយការងារភាពយន្តពេញដៃ ហើយមានគម្រោងបោះបង់ការងារច្រៀង និងផលិតតន្ត្រីចោល។ នាងបញ្ជាក់ថា ការងារចម្រៀងគឺជាជីវិតរបស់នាង ដូច្នេះនាងនឹងមានពេលវេលាសម្រាប់វាជានិច្ច។

 

 

Ariana Grande បានចេញអាល់ប៊ុមចម្រៀងចុងក្រោយរបស់នាង "Eternal Sunshine" ក្នុងឆ្នាំ ២០២៤ ហើយក្រោយមកក៏បានចេញជា deluxe version ក្នុងខែមីនាឆ្នាំនេះ ប៉ុន្តែនាងមិនទាន់បានធ្វើតន្ត្រីទេសចរណ៍ពិភពលោកសម្រាប់អាល់ប៊ុមនេះនៅឡើយទេ។ នៅក្នុងសារបង្ហោះនោះ Grande បានបង្ហើបថានាងអាចនឹងធ្វើការសម្ដែងលើឆាកតន្ត្រីម្តងទៀតនៅឆ្នាំ ២០២៦ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025