ថ្ងៃអង្គារ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៥
តារាពន្លកថ្មីពោរពេញដោយសមត្ថភាព និងទេពកោសល្យសិល្បៈចំនួន ១០រូប បានប្រកាសខ្លួនជាសិល្បករចំណុះក្រោម ESN Entertainment ជាស្ថាប័នដែលមានចក្ខុវិស័យវែងឆ្ងាយក្នុងការពង្រីកសក្កានុពលសិល្បករស្រករថ្មីឱ្យមានពន្លឺចែងចាំលើវិថីសិល្បៈ។
ពន្លកសិល្បករជំនាន់ថ្មីចំនួន ១០រូប ដែលពោរពេញដោយសម្រស់ ភាពជឿជាក់ និងសមត្ថភាពទេពកោសល្យសិល្បៈយ៉ាងរស់រវើក ត្រូវបានប្រកាសជាសិល្បករពេញសិទ្ធិរបស់ ESN Entertainment គ្រប់គ្រងដោយស្ត្រីដ៏មានឥទ្ធិពល កញ្ញា អៀង ស្រីនីត។
ការប្រកាសនេះត្រូវបានធ្វើឡើងទន្ទឹមគ្នាជាមួយនឹងពិធីសម្ភោធបើកដំណើរការជាផ្លូវការ ESN Entertainment កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ នៅរោងភាពយន្ត Legend K Mall ដោយមានការចូលរួមពីតារាល្បីៗជាច្រើនដួងបានចូលរួមអបអរសាទរចំពោះដំណើរផ្លូវឆ្ពោះទៅភាពភ្លឺចែងចាំងលើវិថីសិល្បៈខ្មែរ។
កញ្ញា អៀង ស្រីនីត ស្ថាបនិក ESN Entertainment បានប្រាប់ឱ្យដឹងថា ESN Entertainment គឺជាស្ថាប័នគ្រប់គ្រងតារាជំនាន់ថ្មី និងផ្តល់ការបណ្តុះបណ្តាលជំនាញផ្នែកសិល្បៈដល់យុវវ័យជំនាន់ក្រោយដែលមានបំណងចង់ក្លាយជាសិល្បករអាជីព។ បច្ចុប្បន្ន ESN Entertainment មានសិល្បករចំនួន ១០រូប ដែលភាគច្រើនផ្តោតលើការសម្តែងជាចម្បង។
ស្រីនីត បន្តថា ឆាប់ៗនេះទស្សនិកជននឹងបានឃើញស្នាដៃរឿងថ្មីៗរបស់សិល្បករ ESN ដែលផលិតឡើងតម្រូវការទីផ្សារ និងទំនោរនៃភាពចូលចិត្តរបស់យុវវ័យសម័យថ្មី។ក្នុងនោះផងដែរ តារាពន្លកថ្មីជាច្រើនដួងដែលទើបប្រកាសខ្លួនជាសិល្បករពេញសិទ្ធិរបស់ ESN បានបង្ហាញអារម្មណ៍រំភើបរីករាយចំពោះការរួមដំណើរផ្លូវវែងឆ្ងាយជាមួយ ESN Entertainment ដែលមានចក្ខុវិស័យច្បាស់លាស់ក្នុងការពង្រីកសក្កានុពលសិល្បករជំនាន់ថ្មីដូចអ្នកគ្រប់គ្នា។
ចាប់ពីពេលនេះតទៅ ESN Entertainment នឹងបង្ហាញខ្លួនជាផ្លូវការជាមួយវត្តមានសិល្បករវ័យក្មេងថ្មីៗជាច្រើនរូប ដែលគ្រប់គ្នាត្រៀមខ្លួនជាស្រេចក្នុងការបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន តាមរយៈស្នាដៃភាពយន្តថ្មីៗ ការចូលរួមវិស័យបវរកញ្ញា និងការប្រកួតផ្សេងៗជាច្រើន ស្របតាមចក្ខុវិស័យរបស់ស្ថាប័នដែលចង់បង្ហាញឱ្យពិភពលោកឃើញពីភាពរស់រវើករបស់សិល្បករខ្មែរ ដែលមានសមត្ថភាពខ្ពស់លើសពីការសម្តែង ការរាំច្រៀង ប៉ុន្តែយើងមានភាពច្នៃប្រឌិតខ្ពស់ក្នុងការបង្កើតឱ្យសិល្បៈខ្មែររឹតតែមានភាពរស់រវើក មិនចាញ់ប្រទេសជិតខាងនោះឡើយ។ សម្រាប់ព័ត៌មានលម្អិតពាក់ព័ន្ធសិល្បករ និងការងារផ្សេងៗ លោកអ្នកអាចទំនាក់ទំនងទៅទំព័រហ្វេសប៊ុកផ្លូវការឈ្មោះថា ESN Entertainment៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច