ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥
ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ទីបំផុតរកឃើញម្ចាស់ជយលាភីការប្រឡងចម្រៀងណូដូចីម៉ាន់ ឆ្នាំ២០២៥ លើកទី១៣ គឺបានទៅលើ ពិសិដ្ឋ កេសរអម្ពរពេជ្រ បកស្រាយបទចម្រៀង «Nada Sou Sou»។ការប្រឡងចម្រៀងណូដូចីម៉ាន់ ឆ្នាំ២០២៥ លើកទី១៣ ត្រូវបានបញ្ចប់ទៅដោយជោគជ័យ កាលពីចុងសប្តាហ៍កន្លងទៅ ក្រោមការសហការរៀបចំដោយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា មជ្ឈមណ្ឌលសហប្រត្តិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងមូលនិធិជប៉ុន ការិយាល័យទំនាក់ទំនងភ្នំពេញ។
តាមប្រសាសន៍របស់ លោក ណាហ្គាសិក កេនស៊ូកិ ឧបទូត និងជាអនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្នុងថ្ងៃប្រឡងចម្រៀងណូដូចីម៉ាន់២០២៥ ឆ្នាំនេះយើងទទួលបានការដាក់ពាក្យចូលរួមប្រកួតចំនួន ៥១ក្រុម ហើយឆ្លងកាត់វគ្គជម្រុះ យើងជ្រើសរើសបានតែ១៥ក្រុមប៉ុណ្ណោះ ស្មើរនឹង ១៦នាក់ ដែលអាចបន្តឡើងមកប្រឡងចម្រៀងជប៉ុននៅថ្ងៃនេះ ហើយសមត្ថភាពរបស់គ្រប់គ្នាពិតជាខ្លាំងមិនធម្មតានោះឡើយ។
ឆ្លងកាត់ដំណាក់កាលប្រកួតយ៉ាងស្វិតស្វាញនៅលើឆាកចំពោះមុខភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ទីបំផុតបានរកឃើញម្ចាស់ជយលាភី ការប្រឡងចម្រៀងណូដូចីម៉ាន់ ឆ្នាំ២០២៥ លើកទី១៣ ដោយរង្វាន់ជយលាភីលេខ១ បានទៅលើ ពិសិដ្ឋ កេសរអម្ពរពេជ្រ បកស្រាយបទចម្រៀង «Nada Sou Sou» , រង្វាន់ជយលាភីលេខ២ បានទៅលើ អ៊ុន សុភារៈ បកស្រាយបទ «Toki no Nagare ni Mi wo Makase», រង្វាន់ជយលាភីលេខ៣ បានទៅលើ តាន់ សុមេធា បកស្រាយបទ «MiraiE»។
រីឯ រង្វាន់បញ្ចេញសំនៀងភាសាជប៉ុនបានល្អបំផុត បានទៅលើ ហាក់ ស្រីពេជ្រ បកស្រាយបទ «Hanamizuki» និងការសម្តែងកាយវិការល្អបំផុត បានទៅលើ រៀម ចរិយា បកស្រាយបទ «Mori no Kuma-san»៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច