ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥

បិទរឿងថៃ ផលិតករ និងតារាល្បី ពួតដៃគ្នាពង្រីកផ្សព្វផ្សាយសក្កានុពលវិស័យភាពយន្តក្នុងស្រុក

១៥ កក្កដា ២០២៥ | កម្សាន្ដ

 

ក្រោយពីរាជរដ្ឋាភិបាលសម្រេចបិទរឿងថៃ មិនឱ្យចាក់បញ្ចាំង ផលិតករ និងតារាល្បីៗផ្ដើមពួតដៃគ្នាពង្រីកផ្សព្វផ្សាយពីវិស័យភាពយន្តខ្មែរឱ្យកាន់តែទទួលការគាំទ្រពីមហាជន។

 

 

ស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបញ្ឈប់ការចាក់បញ្ចាំងរឿងថៃនៅតាមទូរទស្សន៍ រោងភាពយន្ត និងទីសាធារណៈនានាគិតចាប់តាំងពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ បណ្តាផលិតករ និងផលិតកម្មក្នុងស្រុកហាក់មានក្តីសង្ឃឹមខ្ពស់ក្នុងការពង្រីកសក្កានុពលភាពយន្តខ្មែរឱ្យកាន់តែមានភាពរីកចម្រើន ខណៈបច្ចុប្បន្នទីផ្សារភាពយន្តខ្មែរយើងហាក់នៅមានកម្រិត ព្រោះតែលំហូរនាំចូលភាពយន្តបរទេសច្រើនគួរឱ្យកត់សម្គាល់។

 

 

ការបញ្ឈប់ការចាក់បញ្ចាំងរឿងថៃនាពេលនេះ ក្លាយជាភាពវិជ្ជមាន និងជាឱកាសដ៏ល្អសម្រាប់ផលិតករ និងបណ្តាផលិតកម្មក្នុងស្រុក ឱ្យងាកមកពង្រឹងស្នាដៃភាពយន្តឱ្យល្អជាងមុន មានគុណភាពស្តង់ដាស្របតាមតម្រូវការទីផ្សានាពេលបច្ចុប្បន្ន។ក្រៅពីការពង្រីកស្នាដៃផលិតភាពយន្តហើយនោះ ក៏មានការបង្កើតជាកម្មវិធីផ្សេងៗ ជាការបង្ហាញស្មារតីគាំទ្រដល់ចំណាត់ការបញ្ឈប់ការចាក់បញ្ចាំងរឿងថៃរបស់រាជរដ្ឋាភិបាលផងដែរ។ 

 

 

ជាក់ស្តែង កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញ មានការប្រកួតបាល់ទាត់មិត្តភាពរវាងផលិតកម្ម LD និង ក្រុមផ្ការីកគ្រប់រដូវ របស់តារាកំប្លែងនាយពាក់មី នៅទីតាំងស្តាតចាស់ ដែលការប្រកួតនេះជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយ និងគាំទ្រវិស័យភាពយន្តខ្មែរយើង។ ក្នុងនោះផងដែរ គេឃើញវត្តមានតារាល្បីៗជាច្រើនរូបបាននាំគ្នាចូលរួមគាំទ្រយុទ្ធនាការផ្សព្វផ្សាយភាពយន្តខ្មែរ។

 

 

លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Entertainment បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាដែលប្រកាសបញ្ឈប់ការចាក់បញ្ចាំងរឿងថៃក្នុងស្រុក ដូច្នេះទើបលោកបំផុសបំផុលជំរុញឱ្យមានព្រឹត្តិការណ៍ផ្សេងៗ ដើម្បីគាំទ្រចំណាត់ការនេះ ខណៈផលិតកម្មក៏មានភាពយន្តក្នុងស្តុកច្រើនត្រៀមបញ្ចេញលើទីផ្សារ និងភាពយន្តខ្នាតធំចាយទុនច្រើនលើសលុបកំពុងស្ថិតក្នុងដំណាក់កាលរៀបចំការផលិតនៅឡើយ។

 

 

ជាមួយគ្នានោះផងដែរ តារាកំប្លែងល្បីល្បាញខាងលេងពាក្យសម្តី នាយ ពាក់មី ស្ថាបនិកក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ក៏បានបញ្ជាក់ច្បាស់ៗពីគោលបំណងនៃការរៀបចំការប្រកួតនេះ និងបានទទូចសូមឱ្យប្រជាពលរដ្ឋខ្មែរចូលរួមគាំទ្រយុទ្ធនាការនេះឱ្យបានច្រើនកុះករ។

 

 

ខណៈយុទ្ធនាការផ្សេងៗដើម្បីគាំទ្រ និងផ្សព្វផ្សាយភាពយន្តជាតិ ត្រូវបានបង្កើតឡើង លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកោតសរសើរដល់ផលិតកម្ម LD និងក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវរបស់នាយ ពាក់មី ដែលបានផ្តួចផ្តើមបង្កើតព្រឹត្តិការណ៍នេះ ដែលវាផ្តល់ទាំងភាពវិជ្ជមានដល់វិស័យភាពយន្តខ្មែរ និងលើកកម្ពស់សុខភាពតាមរយៈការលេងកីឡាផងដែរ។ 

 

 

ឆ្លៀតឱកាសនេះ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ សូមលើកទឹកចិត្តឱ្យបណ្តាផលិតករភាពយន្តទាំងអស់ពង្រឹងគុណភាពការផលិតឱ្យល្អជាងមុន និងព្យាយាមស្វែងរកនូវរសជាតិភាពយន្តថ្មីមកបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន ព្រោះកន្លងមកផលិតករយើងនិយមផលិតតែភាពយន្តរន្ធត់ តែខ្វះរសជាតិផ្សេងទៀតដែលទីផ្សារបច្ចុប្បន្នកំពុងត្រូវការខ្លាំង៕

 

 

ក្រៅពីការប្រកួតបាល់ទាត់មិត្តភាពរវាងផលិតកម្ម LD និង ក្រុមផ្ការីកគ្រប់រដូវ កាលពីម្សិលមិញ ក៏នៅមានព្រឹត្តិការណ៍ផ្សេងៗទៀតសម្រាប់ជំរុញការផ្សព្វផ្សាយភាពយន្តខ្មែរ និងជាការបង្ហាញស្មារតីស្នេហាជាតិដល់បងប្អូនទាហ៊ានដែលឈរជើងតាមបន្ទាត់ព្រំដែន។ គួរឱ្យកត់សម្គាល់ តារាល្បីជាច្រើនបានបង្ហាញស្មារតីជាថ្លុងមួយ ដោយបានចំណាយពេលចូលរួមគាំទ្រសកម្មភាពផ្សេងៗតាមដែលអាចធ្វើទៅបាន សូម្បីការប្រកួតបាល់ទាត់ក៏មានអ្នកសិល្បៈមកចូលរួមច្រើនកុះករផងដែរ៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025