ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥

បោះបង់មកុដមួយភ្លាម ដេត ស្រីនាឌ ក្រសោបបានមកុដថ្មីមួយទៀតភ្លែត

១៥ កក្កដា ២០២៥ | កម្សាន្ដ

ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងយកចិត្តទុកដាក់អស់រយៈពេល ៧ខែរួចមក ទីបំផុតរកឃើញម្ចាស់មកុដដំបូងគេបង្អស់នៃកម្មវិធី Miss Lakamo Cambodia ហើយ គឺបានទៅលើ កញ្ញា ដេត ស្រីនាឌ Miss Lakamo តំណាងឱ្យខេត្ត ស្ទឹងត្រែង។ 

ការឈ្នះមកុដថ្មីនេះក្រោយពីកញ្ញា ធ្លាប់ឈ្នះមកុដ Miss Planet Cambodia 2024 ក៏ប៉ុន្តែពេលកំពុងប្រកួតលើឆាកអន្តរជាតិបែរជាសម្រេចចិត្តបោះបង់ទាំងកណ្ដាលទី ក្រោយពីមានបញ្ហាសុខភាព។

 

 

ការប្រកួតផ្តាច់ព្រ័ត្រនៃកម្មវិធីនេះត្រូវបានបញ្ចប់ដោយជោគជ័យ កាលពីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញ ដោយបានស្វែងរកឃើញម្ចាស់ជយលាភីដ៏ល្អស័ក្កសម ជាមនុស្សស្រីដែលពោរពេញដោយសមត្ថភាព រូបសម្រស់ស្រស់ស្អាត មានចំណេះដឹង និងអាចប្រើប្រាស់ភាសាអង់គ្លេសយ៉ាងល្អប្រសើរទៀតផង។ 

លើឆាកប្រកួតប្រជែងយ៉ាងស្វិតស្វាញកាលពីយប់មិញ ស្រីនាឌ ពិតជាមិនធ្វើឱ្យអ្នកគាំទ្រខកបំណងឡើង ដោយនាងបានបញ្ចេញសមត្ថភាពដើរម៉ូដយ៉ាងល្អល្អ ការលេងទឹកមុខ ភាពជឿជាក់ និងការឆ្លើយ Q&A យ៉ាងល្អ ធ្វើឱ្យនាងឆក់បានតំណែងម្ចាស់មកុដដំបូងគេបង្អស់នៃ នៃកម្មវិធី Miss Lakamo Cambodia 2025 ។ ចំណែក ជយលាភីលំដាប់រងទី១ បានទៅលើ ធី គន្ធា Miss Lakamo បាត់ដំបង , លំដាប់រងទី២ បានទៅលើកូនកាត់ខ្មែរ-អូស្ត្រាលី ដេស្ទីនី សីម៉ូ Miss Lakamo កំពង់ស្ពឺ , លំដាប់រងទី៣ បានទៅលើ លី ស្រីម៉ី Miss Lakamo កំពង់ឆ្នាំង និង លំដាប់រងទី៤ បានទៅលើ ឆេន រ៉ាឌី Miss Lakamo កំពង់ធំ។

 

 

ផ្តល់បទសម្ភាសន៍ក្នុងរាត្រីផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Lakamo Cambodia អ្នកស្រី មាស ច័ន្ទដាលីន អគ្គនាយិកាក្រុមហ៊ុន Lakamo ឱ្យដឹងថា អ្នកស្រីរំភើបជាងបេក្ខភាពប្រកួតទៅទៀត ព្រោះនេះជាកម្មវិធីដំបូងដែលអ្នកស្រីរៀបចំបង្កើតឡើងដោយផ្ទាល់ដៃតែម្តង។ អ្នកស្រីជឿជាក់ម្ចាស់មកុដដែលទើបតែឈ្នះនាយប់នេះ ហើយសង្ឃឹមថា ម្ចាស់មកុដដំបូងគេរបស់ Miss Lakamo Cambodia នឹងប្រត្តិបត្តិខ្លួនយ៉ាងល្អ ក្នុងការឈរជាគំរូសម្រាប់ស្ត្រីគ្រប់រូប ទាំងកិច្ចការងារសង្គមជាតិ និងភាពស្ត្រីដែលមានថាមពលក្នុងការបញ្ចេញសម្លេងដើម្បីការផ្លាស់ប្តូរ។

 

 

 

 

ស្ត្រីដ៏មានឥទ្ធិពលរូបនេះឱ្យដឹងបន្តថា បច្ចុប្បន្នក្រុមហ៊ុនពុំទាន់សម្រេចថានឹង បញ្ចូនម្ចាស់មកុដទៅប្រកួតកម្មវិធីអន្តរជាតិណាមួយឡើយ ដោយពេលនេះកំពុងសម្លឹងមើលកម្មវិធីណាល្អ ហើយស័ក្កសមជាមួយម្ចាស់ជយលាភីរបស់យើង ដូច្នេះពេលបានដំណឹងយ៉ាងណា នឹងធ្វើ update លើឱ្យអ្នកគាំទ្របានដឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ។ 

 

 

ក្រោយទទួលដំណឹងថា កញ្ញា ដេត ស្រីនាឌ បានឈ្នះមកុដដំបូងគេបង្អស់នៃកម្មវិធី Miss Lakamo Cambodia បណ្តាអ្នកគាំទ្រ និងអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជានាំគ្នាបង្ហាញអារម្មណ៍សប្បាយចិត្ត និងការគាំទ្រយ៉ាងពេញទំហឹងលើបវរកញ្ញារាងតូចច្រឡឹងនេះ ព្រោះគ្រប់គ្នាមើលឃើញថា ស្រីនាឌ ពិតជាស័ក្កសមជាមួយមកុដនេះខ្លាំងណាស់៕


អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025