ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥

“Jump” បទថ្មី BLACKPINK គ្រងចំណាត់ថ្នាក់កំពូលលើ iTunes ៤៧ប្រទេស

១៥ កក្កដា ២០២៥ | កម្សាន្ដ

ផលិតកម្ម YG Entertainment បានឱ្យដឹងថា បទចម្រៀងថ្មីរបស់ BLACKPINK មានចំណងជើងថា "Jump" បានឈរនៅចំណាត់ថ្នាក់លេខ១ លើតារាង iTunes ចំនួន ៤៧ ប្រទេសជុំវិញពិភពលោក។

 

 


បទថ្មីដែលបានចេញផ្សាយកាលពីចុងសប្ដាហ៍កន្លងទៅនេះគឺជាស្នាដៃចម្រៀងថ្មីដំបូងរបស់ក្រុមចម្រៀងនារីជួរមុខមួយនេះក្នុងរយៈពេល ២ ឆ្នាំ ១០ ខែ ចាប់តាំងពីអាល់ប៊ុមពេញទីពីររបស់ពួកគេមានចំណងជើងថា "Born Pink" បានចេញនៅក្នុងខែកញ្ញា ឆ្នាំ ២០២២ ដោយមិនរាប់បទ "The Girls" ដែលជាបទចម្រៀងឃោសនាវីដេអូហ្គេម។

 

 


ជាមួយបទភ្លេងដ៏ទាក់ចិត្ត "Jump" បានបង្ហាញពីការផ្លាស់ប្តូរស្ទីលតន្ត្រីមួយបែបទៀតរបស់ BLACKPINK ។ ផលិតករបទភ្លេង Teddy និង 24 (Twenty Four) ដែលធ្លាប់បានផលិតបទចម្រៀងល្បីជាច្រើនរបស់ BLACKPINK កន្លងមក បានធ្វើការរួមគ្នាជាមួយអ្នកនិពន្ធទំនុកច្រៀង និងបទភ្លេងអន្តរជាតិមួយចំនួនទៀតដើម្បីផលិតបទថ្មីនេះឡើង ខណៈវីដេអូចម្រៀងរបស់បទនេះត្រូវបានដឹកនាំដោយអ្នកដឹកនាំឈ្នះពានរង្វាន់ Dave Meyers។

 


សមាជិកទាំង ៤ របស់ BLACKPINK បានសម្តែងបទចម្រៀងនេះជាលើកដំបូងក្នុងកំឡុងការប្រគំតន្ត្រីទេសចរណ៍ពិភពលោក "Deadline" នៅទីក្រុង Goyang ដែលស្ថិតនៅភាគពាយព្យនៃទីក្រុងសេអ៊ូល កាលពីដើមខែកក្កដានេះ។
ការប្រគំតន្ត្រីទេសចរណ៍របស់ពួកគេគ្រោងនឹងបន្តធ្វើការសម្ដែងនៅទីក្រុងចំនួន ១៥ ផ្សេងទៀត រួមមានទីក្រុង Los Angeles, Chicago, Toronto, Paris, Milan, London និងទីក្រុង Bangkok ៕

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025