ថ្ងៃអង្គារ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៥

IU រំជួលចិត្តខ្លាំងក្រោយឈ្នះពានតួឯកស្រីឆ្នើមពីកម្មវិធី Blue Dragon 2025

២១ កក្កដា ២០២៥ | កម្សាន្ដ

 

តារាចម្រៀង និងសម្តែងកូរ៉េ IU បានរំជួលចិត្តទប់ទឹកភ្នែកមិនជាប់ ក្រោយឈ្នះពានរង្វាន់តួឯកស្រីឆ្នើមសម្រាប់ការសម្ដែងក្នុងរឿង "When Life Gives You Tangerines"។

 


តារាស្រីជួរមុខកូរ៉េ IU បានឈ្នះពានរង្វាន់តួឯកស្រីឆ្នើមប្រចាំឆ្នាំនៅឯកម្មវិធី Blue Dragon Series Awards លើកទី ៤ សម្រាប់ការសម្ដែងរបស់នាងក្នុងរឿងភាគដ៏ល្បីល្បាញរបស់ Netflix មានចំណងជើងថា "When Life Gives You Tangerines" ។

 


បានសម្តែងតួពីរគឺតួម្ដាយផងនិងកូនផងក្នុងរឿងភាគឈ្នះពានរង្វាន់នេះ IU បានបង្ហាញអារម្មណ៍រំជួលចិត្តជាខ្លាំងពេលឡើងទទួលពានលើឆាក។ តារាស្រីវ័យ ៣២ ឆ្នាំរូបនេះរៀបរាប់ថារឿងនេះថាជាគម្រោងមួយដែលបានជំរុញអាជីពរបស់នាងយ៉ាងខ្លាំង ហើយក៏ជារឿងដែលនាងមានមោទនភាពពេញមួយជីវិត ព្រមទាំងមានកិត្តិយស និងរីករាយខ្លាំងណាស់ដែលបានធ្វើការជាមួយក្រុមការងារផលិតរឿងនេះ។

 


ជាចុងបញ្ចប់ នាងបានបន្តថ្លែងអំណរគុណដល់អ្នកនិពន្ធរឿង Lim Sang-choon អ្នកដឹកនាំរឿង Kim Won-suk និងអ្នកគ្រប់គ្នាដែលមានឈ្មោះក្នុងដំណើរការផលិត ព្រមទាំងបានផ្ញើសារលើកទឹកចិត្តដល់ស្ត្រីគ្រប់គ្នាដែលកំពុងតស៊ូជម្នះឧបសគ្គជីវិតដូចតួអង្គស្រីទាំងពីរដែលនាងសម្ដែងក្នុងរឿងនេះដែរ។

 


មិនត្រឹមតែពានរង្វាន់សម្រាប់ IU ប៉ុន្តែភាពយន្តភាគ “When Life Gives You Tangerines” ក៏បានឈ្នះពានរង្វាន់ផ្សេងទៀតដូចជាពានរង្វាន់តួរងស្រីឆ្នើមសម្រាប់តារាសម្ដែងតួម្ដាយ Yeom Hye Ran (យ៉ម ហេរ៉ាន) និងពានរង្វាន់ Popular Star ដែលជាពានរួមសម្រាប់តួឯកប្រុសស្រី IU និង Park Bo Gum។

 


ចំណែកឯពានរង្វាន់សម្រាប់រឿងភាគល្អបំផុតនៅឆ្នាំនេះបានទៅលើរឿង "The Trauma Code: Heroes on Call" ដោយតារាសម្ដែងរឿងនេះគឺ Ju Ji Hoon ទទួលបានពានរង្វាន់តួឯកប្រុសឆ្នើម ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025