ថ្ងៃច័ន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០២៥
អង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា WTO បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មសកលនឹងកើនឡើង ១,៨% ក្នុងឆ្នាំ ២០២៦ ទាបជាងមធ្យមភាគ ២,៥% ដែលបានព្យាករកាលពីពេលមុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។
អង្គការពាណិជ្ជកម្មពិភពលោក បានបញ្ជាក់នៅក្នុង ការធ្វើបច្ចុប្បន្នភាពនៃ ទស្សនវិស័យពាណិជ្ជកម្មសកលនិងស្ថិតិ ឱ្យបានដឹងថា កំណើនពាណិជ្ជកម្មទំនិញសកលនៅឆ្នាំ ២០២៦ នឹងសម្រេច ១,៨% ទាបជាងការប៉ាន់ប្រមាណពីមុន ២,៥% ដោយសារតែពន្ធគយកើនឡើង ហើយវានឹងមានផលប៉ះពាល់អវិជ្ជមានជារួម ទៅលើទស្សនវិស័យសម្រាប់ពាណិជ្ជកម្មសកល។
WTO បានបង្ហាញថា អត្រាបដិការខ្ពស់ ដែលណែនាំដោយ សហរដ្ឋអាមេរិក នៅថ្ងៃទី ៧ ខែសីហា ត្រូវបានគេរំពឹងថា នឹងដាក់សម្ពាធកាន់តែខ្លាំងលើ ការនាំចូលរបស់សហរដ្ឋអាមេរិក និងធ្វើឱ្យការនាំចេញរបស់ដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ធ្លាក់ចុះនៅក្នុងឆមាសទី ២ ឆ្នាំ ២០២៥ និងនៅក្នុងឆ្នាំ ២០២៦។
ដោយឡែក WTO ព្យាករថា ពាណិជ្ជកម្មទំនិញពិភពលោក នឹងកើនឡើង ០,៩% នៅឆ្នាំ ២០២៥នេះ ទាបជាងមុន ០,២% ធៀបនឹងការព្យាករនៅខែមេសា បន្ទាប់ពីការប្រកាសរបស់សហរដ្ឋអាមេរិកអំពី ពន្ធបដិការ និងការផ្អាកបណ្តោះអាសន្នរយៈពេល ៩០ថ្ងៃលើប្រទេសមួយចំនួន។
ជាចុងក្រោយ បើគិតតាមតំបន់ សេដ្ឋកិច្ចអាស៊ី ត្រូវបានគេព្យាករថា នឹងនៅតែជាកត្តាជំរុញវិជ្ជមានដ៏ធំបំផុតនៃ កំណើនពាណិជ្ជកម្មទំនិញពិភពលោកនៅឆ្នាំ ២០២៥ ខណៈដែលអាមេរិកខាងជើង នឹងដាក់បន្ទុកអវិជ្ជមានលើ កំណើនពាណិជ្ជកម្មសកល ទាំងនៅក្នុងឆ្នាំ ២០២៥ និងឆ្នាំ ២០២៦៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ