ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥

ADB ផ្តល់ជំនួយឥតសំណង ៣៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីនៅកម្ពុជា

១៨ កញ្ញា ២០២៥ | សេដ្ឋកិច្ច

 

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា រយៈពេល ៣ឆ្នាំចុងក្រោយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ជំនួយបច្ចេកទេសឥតសំណងប្រមាណ ៣៥០លានដុល្លារ ផ្តល់ឲ្យកម្ពុជាអភិវឌ្ឍវិស័យថាមពល សម្រាប់ការពង្រីកបណ្តាញអគ្គិសនី និងបង្កើនថាមពលបៃតង។

 

 

នៅក្នុងជំនួបរវាង ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ជំនួយបច្ចេកទេសឥតសំណង និងសម្បទានរបស់ធនាគារអភិវឌ្ឍអាស៊ី ADB ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ គិតជាសាច់ប្រាក់ប្រមាណ ៣៥០លានដុល្លារ ត្រូវបានផ្តល់ជូនកម្ពុជាលើការអភិវឌ្ឍវិស័យថាមពល សម្រាប់ការពង្រីកបណ្តាញអគ្គិសនីជាតិ និងបង្កើនថាមពលបៃតងកកើតឡើងវិញ។

 


ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបន្តថា ភាពជាដៃគូដ៏ល្អ និងសមត្ថភាពដឹកនាំរបស់នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងអាណត្តិបេសកកម្មបំពេញការងារនៅកម្ពុជា ដោយគម្រោងនេះ នឹងបន្ថែមបណ្តាញបញ្ជូនអគ្គិសនីក្នុងប្រទេស ដើម្បីធ្វើសមាហរណកម្មថាមពលកកើតឡើងវិញបន្ថែមទៀត ទៅក្នុងបណ្តាញអគ្គិសនីជាតិ និងជួយបំពេញតម្រូវការអគ្គិសនី ដែលកំពុងកើនឡើងជាមួយនឹងថាមពលស្អាត និងផលិតក្នុងស្រុក ខណៈការវិនិយោគទាំងនេះ នឹងពង្រឹងសមត្ថភាពបញ្ជូនថាមពល ដើម្បីផ្តល់ថាមពលកកើតឡើងវិញ ទៅកាន់ទីតាំងដែលមានតម្រូវការទូទាំងប្រទេស បង្កើនភាពជឿជាក់ និងទាក់ទាញការវិនិយោគឯកជនកាន់តែច្រើន។

 


ជាមួយគ្នានេះ លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា សេវាអគ្គិសនីដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យ គឺជាឆ្អឹងខ្នងនៃការរីកចម្រើន របស់ប្រទេសកម្ពុជា។ គម្រោងថ្មីនេះ មិនមែនគ្រាន់តែជាការកសាងខ្សែបញ្ជូនអគ្គិសនីនោះទេ វាគឺជាការតភ្ជាប់ប្រជាសហគមន៍ សាលារៀន មន្ទីរពេទ្យ និងអាជីវកម្ម ទៅនឹងអនាគត ថាមពលស្អាត និងធន់ជាងមុន។

 

 

ជាពិសេស តាមរយៈការបញ្ចូលថាមពលកកើតឡើងវិញកាន់តែច្រើនទៅក្នុងបណ្តាញអគ្គិសនី កម្ពុជាអាចផ្គត់ផ្គង់ថាមពលដល់ប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងការពារបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។ទន្ទឹមនឹងនេះ ចាប់តាំងពីឆ្នាំ១៩៩៤មក ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងជិត ២០០ លានដុល្លារ ដល់វិស័យថាមពលរបស់ប្រទេសកម្ពុជា និងផ្តល់ជំនួយបច្ចេកទេសប្រមាណ ៦លានដុល្លារ។

 


គួរជម្រាបថា គិតត្រឹមចុងឆ្នាំ២០២៤ ប្រភពអគ្គិសនីរបស់កម្ពុជាបានកើនឡើងដល់ ៥.០៤៤មេហ្កាវ៉ាត់ ខណៈបណ្ដាញបញ្ជូនបានកើនដល់ ៣.៨៩០ គីឡូម៉ែត្រ និងអនុស្ថានីយ៍ដែលបានអភិវឌ្ឍបានកើនដល់ ៧០កន្លែង។

 

 

កម្ពុជា បានដាក់ ផែនការជំរុញការអភិវឌ្ឍគម្រោងប្រភពអគ្គិសនីថ្មីចំនួន ៣៦គម្រោង ដែលភាគច្រើនជាប្រភពថាមពលស្អាត និងកកើតឡើងវិញ ក្នុងនោះមាន គម្រោងចំនួន១៣ មានអានុភាពសរុប ១.២៧៥ មេហ្កាវ៉ាត់ កំពុងសាងសង់ និង ២៣គម្រោង ទៀត មានអានុភាពសរុប ៥.៩៥០មេហ្កាវ៉ាត់ បានទទួលការអនុម័តឱ្យធ្វើការអភិវឌ្ឍដើម្បីពង្រីកប្រភពថាមពលកកើតឡើងវិញនៅកម្ពុជាឱ្យបានយ៉ាងតិច ៧០% នៅក្នុងល្បាយនៃប្រភពអគ្គិសនីនាឆ្នាំ២០៣០៕

 

 

អត្ថបទ៖ ថុន សុកតុមាលា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025