ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ធនាគារកណ្តាលអាមេរិក បានសម្រេចកាត់បន្ថយអត្រាការប្រាក់ពី ៤,២៥% មកត្រឹម ៤% ហើយអាចនឹងមានការកាត់បន្ថយអត្រាការប្រាក់ចំនួន ២ដងទៀត នៅឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។
ធនាគារកណ្តាលអាមេរិក បានកាត់បន្ថយអត្រាការប្រាក់ប្រមាណ ២៥ពិន្ទុ ពី ៤,២៥% មកនៅត្រឹម ៤% ហើយបានបង្ហាញពីសក្តានុពល សម្រាប់ការកាត់បន្ថយចំនួន ២ដងបន្ថែមទៀត នៅចុងឆ្នាំ២០២៥នេះ។
ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក នៅពេលនេះ គឺជាការកាត់បន្ថយអត្រាការប្រាក់លើកដំបូង ក្នុងឆ្នាំ ២០២៥ បន្ទាប់ពីការកាត់បន្ថយអត្រាការប្រាក់ចំនួន ៣ដង ក្នុងឆ្នាំ ២០២៤។សូចនាករថ្មីៗបង្ហាញថា កំណើននៃសកម្មភាពសេដ្ឋកិច្ចអាមេរិក មានកម្រិតមធ្យមនៅក្នុងឆមាសទី ១ ឆ្នាំនេះ។
គណៈកម្មាធិការសហព័ន្ធទីផ្សារបើកចំហរបស់អាមេរិក ដែលជាស្ថាប័នបង្កើតគោលនយោបាយរូបិយវត្ថុសំខាន់ នៃប្រព័ន្ធបម្រុងសហព័ន្ធ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អតិផរណា បានបន្តកើនឡើង តែស្ថិតក្នុងកម្រិតទាប ហើយគណៈកម្មាធិការ នឹងគាំទ្រដល់គោលនយោបាយការងារ និងជំរុញកម្រិតអតិផរណា ឱ្យនៅកម្រិត ២%។
ប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថា ក្នុងរយៈពេលខ្លីនេះ ហានិភ័យចំពោះអតិផរណា អាចមានទំនោរទៅរកការកើនឡើង ខណៈហានិភ័យដល់ការងារ នឹងអាចធ្លាក់ចុះ ដែលជាស្ថានភាពដ៏លំបាកសម្រាប់អ្នកបង្កើតគោលនយោបាយរូបិយវត្ថុ។
គួរជម្រាបថា ការព្យាករណ៍សេដ្ឋកិច្ចថ្មី ដែលចេញផ្សាយដោយ ធនាគារកណ្តាលអាមេរិក បានបង្ហាញថា អតិផរណាឆ្នាំនេះ គឺបញ្ចប់នៅត្រឹម ៣% លើសពីការព្យាករណ៍ពីមុន ២% ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ