ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines នឹងបើកជើងហោះហើរពីទីក្រុង អ៊ីស្តង់ប៊ុល ប្រទេសតួគី មកកាន់ទីក្រុងភ្នំពេញ ចាប់ពីខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីយ៉េ បានដឹកនាំប្រតិភូពីក្រុមហ៊ុនអាកាសចរណ៍តួកគីយ៉េ Turkish Airlines នឹងចាប់ផ្តើមហោះហើរត្រង់ពីទីក្រុង Istanbul មកកាន់អាយានដ្ឋានថ្មី ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ ខណះក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ជាគោលដៅប្រទេសទី៧ នៅតំបន់អាស៊ីអាគ្នេយ៍ ហើយភ្នំពេញជាទីក្រុងទី១១ នៅក្នុងតំបន់ ដែលក្រុមហ៊ុនបានបើកប្រតិបត្តិការភ្ជាប់ការហោះហើរជាមួយបណ្តាញដឹកជញ្ជូនគ្របដណ្តប់ ២១ប្រទេស និង ២០ទីក្រុង នៅជុំវិញពិភពលោក។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ដល់កិច្ចសហការគាំទ្រដ៏ល្អ និងឥតឈប់ឈររបស់ស្ថានទូតមិត្តតួកគីយ៉េ និងក្រុមហ៊ុន Turkish Airlines ដែលបានមើលឃើញពីសក្តានុពលទេសចរណ៍ដ៏ខ្លាំងក្លាដែលជាទីផ្សាររបស់កម្ពុជា។ ពិសេស គឺវត្តមានអាកាសយានដ្ឋានអន្តរជាតិតេជោដ៏ទំនើប និងទាន់សម័យដែលជាសមិទ្ធិផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសម្រេចបើកការហោះហើរត្រង់ពីទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េមកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នៃព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ។
លើសពីនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានសង្កត់ធ្ងន់ថា តាមរយៈការហោះហើរនេះពិតជាជួយឱ្យកំណើនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា កាន់តែច្រើនឡើងបន្ថែមទៀត តាមរយៈការតភ្ជាប់ជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរដល់គោលដៅជាង ៣៥០កន្លែង ដល់ប្រទេសចំនួន ១៣០ប្រទេស ជុំវិញពិភពលោក។
ម៉្យាងទៀត ក្រៅតែពីក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines របស់ប្រទេសតួកគី ដោយការតភ្ជាប់ជើងហោះហើរពីទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគី មកកាន់ទីក្រុងភ្នំពេញ ក្រុមហ៊ុននឹងប្រើប្រាស់យន្តហោះខ្នាតធំប្រភេទ Airbus A330 ឬ Boeing 777។
បន្ថែមពីលើនេះ ក៏នៅមានក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines របស់ប្រទេសអារ៉ាប់រួម ក៏នឹងធ្វើការហោះហើរត្រង់មកកាន់ព្រលានយន្តហោះអន្តរជាតិតេជោ របស់កម្ពុជាដូចគ្នាផងដែរ។ ជាពិសេស ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines មកពីតំបន់មជ្ឈិមបូព៌ា ក៏នឹងបើកការហោះហើរពីទីក្រុងឌូបៃ មកកាន់ខេត្តសៀមរាប ដែលនឹងចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២៥ ដោយប្រើយន្តហោះខ្នាតធំ Boeing 777 300er។
បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការហោះហើរចេញ-ចូល នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺមានចំនួន ២៨ក្រុមហ៊ុន ដោយក្នុងនោះ មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៤ និងក្រុមហ៊ុនអាកាសចរណ៍ក្រៅស្រុកចំនួន២៤។
សូមជម្រាបថា ការតភ្ជាប់ដោយផ្ទាល់ពីទីក្រុងអ៊ីស្តង់ប៊ុល មកកាន់រាជធានីភ្នំពេញ នឹងមិនត្រឹមតែជួយសម្រួលដល់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសបន្ថែមទៀតសម្រាប់ទេសចរ ពាណិជ្ជកម្ម និងការវិនិយោគផងដែរ ខណះផ្លូវហោះហើរថ្មីនេះ នឹងជួយភ្ជាប់ទីក្រុងភ្នំពេញជាមួយអឺរ៉ុប មជ្ឈិមបូព៌ា អាហ្វ្រិក និងអាម៉េរិក តាមរយៈមជ្ឈមណ្ឌលអាកាសចរណ៍ពិភពលោករបស់ទីក្រុងអ៊ីស្តង់ប៊ុល៕
អត្ថបទ៖ ថុន សុកតុមាលា រូបភាព៖ ឯកសារ