ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ស៊េរីពិព័រណ៍អន្តរជាតិ បានចូលរួមជំរុញការធ្វើពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគមកប្រទេសកម្ពុជា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធក្នុងស្រុក និងក្រៅប្រទេសផងដែរ។
នាឱកាសស៊េរីពិព័រណ៍អន្តរជាតិ ដែលជាពិព័រណ៍ពាណិជ្ជកម្មសម្រាប់វិស័យកសិកម្ម នេសាទ និងវារីវប្បកម្ម គ្រឿងសម្អាង ឱសថស្ថាន មន្ទីរពិសោធន៍ អាហារ និងឧស្សាហកម្មសត្វចិញ្ចឹមនៅកម្ពុជា ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ដែរថា ព្រឹត្តិការណ៍នេះ គឺមានសារៈសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាង កម្ពុជា និងវៀតណាម ព្រមទាំងនាំមកនូវ កាលានុវត្តភាពលើផ្នែកធុរកិច្ច វិនិយោគ និងការស្វែងរកកិច្ចសហការនានារបស់វិស័យឯកជន។
ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ដែរថា ការរៀបចំពិព័រណ៍នេះ នឹងផ្តល់លទ្ធភាពឱ្យកម្ពុជាធ្វើពាណិជ្ជកម្ម និងចូលរួមជំរុញវិស័យកសិកម្ម បសុសត្វ វារីវប្បកម្ម និងជួយដល់កសិករ ក្នុងការអភិវឌ្ឍន៍នៅក្នុងវិស័យកសិកម្ម ហើយពិព័រណ៍នេះ ក៏ជាវេទិកាសម្រាប់សហគ្រិនចាប់យកឱកាសអាជីវកម្ម និងដៃគូ បច្ចេកវិទ្យាចុងក្រោយ និងបង្កើតទិញ- លក់។
នាឱកាសពិព័រណ៍នេះ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ការរៀបចំស៊េរីពិព័រណ៍អន្តរជាតិនេះ គឺរៀបចំឡើង ស្របតាមការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សកម្មរបស់កម្ពុជា ម្យ៉ាងទៀត ការចូលរួមពីបណ្តាប្រទេស និងតំបន់ជាង ១០ គឺបង្ហាញពីទំនុកចិត្តរបស់អន្តរជាតិចំពោះទីផ្សារប្រទេសកម្ពុជា និងជាឱកាសនៃកិច្ចសហការសម្រាប់ការតភ្ជាប់អាជីវកម្ម ដៃគូវិនិយោគ និងចែករំលែកចំណេះដឹង ដែលសុទ្ធសឹងតែសំខាន់សម្រាប់ការរីកចម្រើន និងសមត្ថភាពប្រកួតប្រជែង។
ទន្ទឹមគ្នានេះ លោក វីននី ប្រធានគណៈកម្មាធិការរៀបចំពិព័រណ៍ និងនាយកគ្រប់គ្រងក្រុមហ៊ុន VEAS បានមានប្រសាសន៍ថា ស៊េរីពិព័រណ៍អន្តរជាតិមួយនេះ នឹងក្លាយជាវេទិកាជំនួបពាណិជ្ជកម្មដ៏សំខាន់ និងធំមួយសម្រាប់អ្នកផលិត អ្នកផ្គត់ផ្គង់ ចែកចាយបន្ត និងអង្គភាពជាច្រើនទៀតក្នុងវិស័យទាំងនេះ ដើម្បីបង្កើតឱកាសអាជីវកម្ម អភិវឌ្ឍន៍ទីផ្សារ និងចែករំលែកបច្ចេកវិទ្យា ដើម្បីរួមចំណែកយ៉ាងសកម្មដល់ ភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។
លោក បន្តថា ដោយមានការគាំទ្រយ៉ាងខ្លាំងពីក្រសួងពាក់ព័ន្ធ និងសមាគមសំខាន់ៗក្នុងស្រុកជាច្រើន ស៊េរីពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ នឹងផ្តល់ឱកាសដ៏មានតម្លៃសម្រាប់សហគ្រាសក្នុងស្រុក និងអន្តរជាតិនានា ក្នុងការស្វែងយល់អំពីបច្ចេកវិទ្យាទំនើប បង្កើតបណ្តាញពាណិជ្ជកម្ម និងជំរុញភាពរីកចម្រើននៃផលិតផលរបស់ខ្លួន នៅក្នុងទីផ្សារកម្ពុជា និងទីផ្សារអន្តរជាតិ ខណៈពិព័រណ៍ ត្រូវបានរៀបចំឡើងជាយុទ្ធសាស្រ្តឈ្នះ-ឈ្នះ និងស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយគាំទ្រការអភិវឌ្ឍឧស្សាហកម្មសំខាន់ៗ ដូចជា កសិកម្ម ចិញ្ចឹមសត្វ និងវារីវប្បកម្ម។
ដោយឡែក ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានរំលេចដែរថា ស្ថានភាពពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម គឺមានភាពល្អប្រសើរច្រើននិងប្រទាក់ក្រឡាគ្នា ដោយក្នុងរយៈពេល ៧ខែ ដើមឆ្នាំ ២០២៥នេះ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ សម្រេចបានជាង ៤ពាន់ ៩រយលានដុល្លារអាមេរិក ដោយក្នុងនោះ កម្ពុជា នាំចេញទំនិញទៅកាន់វៀតណាមជាង ២ពាន់ ៤រយលានដុល្លារអាមេរិក ខណៈកម្ពុជា នាំចូលមកវិញជាង ២ពាន់ ៥រយលានដុល្លារអាមេរិក ប្រហាក់ប្រហែលគ្នា។
សូមជម្រាបថា ស៊េរីពិព័រណ៍អន្តរជាតិនេះ ធ្វើឡើងចាប់ពីថ្ងៃទី ១៧ ដល់ ១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានអ្នកតាំងបង្ហាញយីហោច្រើនជាង ២០០ មកពី ១០ប្រទេស និងតំបន់ រួមមាន កម្ពុជា សាធារណរដ្ឋឆែក ចិន ឥណ្ឌា កូរ៉េខាងត្បូង ម៉ាឡេស៊ី ប៉ាគីស្ថាន តៃវ៉ាន់ ហូឡង់ វៀតណាម ដាក់បង្ហាញផលិតផលបច្ចេកវិទ្យា និងសេវាកម្មជាច្រើនពាក់ព័ន្ធនឹង វិស័យកសិកម្ម ចិញ្ចឹមសត្វ វារីវប្បកម្ម សម្ផស្ស ឱសថវិទ្យា មន្ទីរពិសោធន៍ ឧបករណ៍វេជ្ជសាស្ត្រ អាហារ និងភេសជ្ជៈ និងឧស្សាហកម្មសត្វចិញ្ចឹម៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត