ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥

ការវិនិយោគទៅក្រៅប្រទេសរបស់ចិន កើនដល់ ១៩២ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២4

១៨ កញ្ញា ២០២៥ | សេដ្ឋកិច្ច

 

ទិន្នន័យផ្លូវការពីរដ្ឋាភិបាលចិន បានបង្ហាញថា ការវិនិយោគផ្ទាល់ក្រៅប្រទេសរបស់ប្រទេសចិន បានកើនឡើង ៨% ដល់ ១៩២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិ CCTV នៅថ្ងៃនេះ។

 

 

ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ឱ្យដឹងថា កិច្ចសហប្រតិបត្តិការវិនិយោគក្រៅប្រទេសរបស់ប្រទេសចិន ទទួលបានការអភិវឌ្ឍន៍ និងវឌ្ឍនភាពជាលំដាប់ក្នុងឆ្នាំ ២០២៤ ដោយការវិនិយោគផ្ទាល់ទៅក្រៅប្រទេស ឈានដល់ ១៩២ពាន់លានដុល្លារអាមេរិក កើនឡើង ៨% ធៀបនឹងឆ្នាំ ២០២៣។

 


ការវិនិយោគ ត្រូវបានចែកចាយទៅគ្រប់វិស័យ ដោយនៅចុងឆ្នាំ ២០២៤ វិនិយោគិនចិន បានបង្កើតក្រុមហ៊ុនក្រៅប្រទេសចំនួន ៥ម៉ឺន ២ពាន់នៅក្នុង ១៩០ប្រទេស និងតំបន់ជុំវិញពិភពលោក ដែលគ្របដណ្តប់ជាង ៨០% នៃបណ្តាប្រទេស និងតំបន់ទាំងអស់នៅទូទាំងពិភពលោក ហើយក្នុងនោះ ៧០% នៃក្រុមហ៊ុន គឺអាចរកប្រាក់ចំណេញបាន។

 


ក្នុងចំណោម ក្រុមហ៊ុនវិនិយោគទាំងនោះ មានក្រុមហ៊ុនក្រៅប្រទេសចំនួន ១ម៉ឺន ៩ពាន់ ត្រូវបានបង្កើតឡើងនៅក្នុងបណ្តាប្រទេសដៃគូគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ការវិនិយោគផ្ទាល់របស់ចិននៅក្នុងប្រទេសដែលចូលរួមក្នុង គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ មានច្រើនជាង ២០% នៃការវិនិយោគសរុប។

 


ក្នុងឆ្នាំ ២០២៤ ជិត ៨០% នៃការវិនិយោគផ្ទាល់ពីខាងក្រៅរបស់ចិន បានហូរទៅកាន់អាស៊ី កើនឡើង ៨% រួមទាំង ៣៤ពាន់លានដុល្លារដល់អាស៊ាន កើនឡើង ៣៦%។សូមជម្រាបថា ក្នុងឆ្នាំ ២០២៤ ការវិនិយោគខាងក្រៅរបស់ប្រទេសចិន បានជំរុញឱ្យមានការនាំចេញទំនិញចំនួន ២១១ពាន់លានដុល្លារ កើនឡើង ១៣% ដែលតួលេខនេះ ស្មើនឹង ៦% នៃការនាំចេញទំនិញសរុបក្នុងអំឡុងពេលដូចគ្នានេះ៕

 


 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025