ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥

ទំនាក់ទំនងពាណិជ្ជកម្មរវាងមហាអំណាចចិន និងអាស៊ាន ឈានដល់ ៧០០ពាន់លានដុល្លារ

១៨ កញ្ញា ២០២៥ | សេដ្ឋកិច្ច

 

ការិយាល័យស្ថិតិជាតិចិន បានបង្ហាញថា ទំនាក់ទំនងពាណិជ្ជកម្មរវាងមហាអំណាចចិន និងអាស៊ាន ឈានដល់ ៧០០ពាន់លានដុល្លារ នៅក្នុងរយៈពេល ៨ខែ ឆ្នាំ ២០២៥នេះ កើនឡើង ៩% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិ CCTV នៅថ្ងៃនេះ។

 


Story: ការិយាល័យស្ថិតិជាតិចិន បានបង្ហាញថា ពាណិជ្ជកម្មរវាងប្រទេសចិន និងអាស៊ាន មានកំណើនដ៏រឹងមាំក្នុងរយៈពេល ៨ខែដំបូង ដែលត្រូវបានជំរុញដោយកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងវិស័យកសិកម្ម និងផលិតកម្ម។

 


ជាក់ស្តែង ប្រទេសចិន និងអាស៊ានគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត ក្នុងរយៈពេល ៥ឆ្នាំជាប់គ្នា ដោយអាស៊ាន បានរក្សាជំហររបស់ខ្លួន ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិនលើ ផលិតផលកសិកម្មសម្រាប់រយៈពេល ៨ឆ្នាំជាប់ៗគ្នា។

 


ចាប់ពីខែមករាដល់ខែសីហា ការនាំចូល និងនាំចេញផលិតផលកសិកម្មរបស់ចិនជាមួយអាស៊ានមានចំនួន ៤០ពាន់លានដុល្លារ កើនឡើង ៩% និងស្មើនឹង ២០% នៃទំហំពាណិជ្ជកម្មកសិកម្មសរុបរបស់ប្រទេសចិន។

 


លើសពីនេះ អាស៊ាន គឺជាប្រភពនាំចូលដ៏ធំបំផុតរបស់ចិនសម្រាប់ផលិតផលកសិកម្ម ក្នុងអំឡុងខែមករាដល់ ខែសីហា រួមមានទាំងផ្លែឈើស្រស់ និងស្ងួត ប្រេងដែលអាចបរិភោគបាន និងដំឡូងមី ខណៈដែលការនាំចេញផលិតផលកសិកម្មពិសេសរបស់ចិនទៅកាន់អាស៊ាន រួមមាន រោមសត្វ និងចំណីសត្វជាដើម។

 


ទិន្នន័យរបស់ ការិយាល័យស្ថិតិជាតិចិន ក៏បានបង្ហាញផងដែរថា ពាណិជ្ជកម្មរវាងចិន និងអាស៊ានបានកើនឡើងដល់ជិត ៩៨៥ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៤ ពោលគឺកើនឡើងពីជាង ១២២ពាន់លានដុល្លារ ក្នុងឆ្នាំ ២០០៤។

 


សូមជម្រាបថា ការិយាល័យស្ថិតិជាតិចិន ជឿជាក់ថា ពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសចិន នឹងបន្តកើនឡើង ដោយសារតែការកាត់បន្ថយពន្ធគយយ៉ាងសំខាន់រវាងប្រទេសចិន និងសហរដ្ឋអាមេរិក និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសចិន ក្នុងការពង្រីកសេដ្ឋកិច្ចបើកចំហរបស់ខ្លួន៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025