ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញឱ្យដឹងថា កម្ពុជា បានទាក់ទាញគម្រោងវិនិយោគដោយផ្ទាល់ពីប្រទេសចិន ប្រមាណ ៥០០លានដុល្លារ កាលពីឆ្នាំ ២០១២ ហើយតួលេខនេះ បន្តកើនឡើងដល់ ៣,៤ពាន់លានដុល្លារ នៅឆ្នាំ ២០២៤នេះ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា លំហូរវិនិយោគផ្ទាល់ពីប្រទេសចិន កាលពីឆ្នាំ២ ០១២ មានទំហំតិចជាង ៥០០លានដុល្លារអាម៉េរិក ហើយក្នុងឆ្នាំ ២០២៤ បានកើនឡើងដល់ប្រមាណ ៣,៤ពាន់លានដុល្លារអាម៉េរិក ដែលទិន្នន័យនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង យី ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន, និងជារដ្ឋមន្ត្រីការបរទេសចិន នាថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥។
ឯកឧត្តម ស៊ុន ចាន់ថុល បានបន្តទៀតថា តំបន់សេដ្ឋកិច្ចពិសេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ជាពិសេសគឺមកពីប្រទេសចិន។នាពេលបច្ចុប្បន្ននេះ កម្ពុជា បានអនុម័តតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥៧តំបន់ ហើយក្នុងនោះមាន ១១តំបន់គឺជាការវិនិយោគរបស់ វិនិយោគិនចិន។
យ៉ាងណាមិញ នៅក្នុងជំនួបរវាងភាគីទាំង ២ គឺមានការពិភាក្សាលើប្រធានបទសំខាន់ៗ ក្នុងការជំរុញពង្រឹងកិច្ចសហប្រតិបត្តិការ និងការអនុវត្តគម្រោងផែនការនានាលើ វិស័យហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម សុខាភិបាល វប្បធម៍ និងបច្ចេកវិទ្យាជាដើម ដែលស្ថិតក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។
គួររម្លឹកដែរថា ក្នុងរយៈពេល ៨ខែដើមឆ្នាំ ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៤៩១គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៧ពាន់ ២រយលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជាង ៣៣ម៉ឺនកន្លែង ហើយប្រភពទុនវិនិយោគឈានមុខ គឺប្រទេសចិន មានចំណែក ៥២%, កម្ពុជា មានចំណែក ៣១% ខណៈសិង្ហបុរី មានចំណែក ៧% នៃទុនវិនិយោគសរុប៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ