ថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ឆ្នាំ២០២៥

ការផ្គត់ផ្គង់សាច់ជ្រូករស់កើនដល់ ១ម៉ឺនក្បាល ក្នុងមួយថ្ងៃ ក្នុងឱកាសភ្ជុំបិណ្ឌឆ្នាំនេះ 

១៩ កញ្ញា ២០២៥ | សេដ្ឋកិច្ច

 

ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា និងអ្នកចិញ្ចឹមសត្វជ្រូកនៅខេត្តកំពង់ឆ្នាំ បានឲ្យដឹងថា ការផ្គត់ផ្គង់ជ្រូករស់សម្រាប់តម្រូវការបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ បានហក់ឡើងដល់ប្រមាណ ១ម៉ឺនក្បាល ក្នុងមួយថ្ងៃ ខណៈតម្លៃលក់ចេញនៅលើទីផ្សារមានការធ្លាក់ចុះបន្តិច ដែលល្អសម្រាប់អ្នកទិញយកទៅទទួលទាន ប៉ុន្តែប៉ះពាល់តិចតួចដល់អ្នកចិញ្ចឹម។កម្ពុជាមានសាច់គ្រាប់គ្រាន់ សម្រាប់បំពេញតម្រូវការពលដ្ឋ ដោយមិនចាំបាច់ពឹងផ្អែកការនាំចូលពីក្រៅប្រទេស ខណៈការចិញ្ចឹមសត្វនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ កាន់តែមានភាពល្អប្រសើរឡើង ទាំងបច្ចេកទេសចិញ្ចឹម ការទទួលបានទិន្នផលប្រកបដោយគុណភាព និងសុវត្ថិភាព និងមានតម្លៃនៅលើទីផ្សារដោយមិនចាំបាច់ពឹងផ្អែកលើការនាំចូលនោះទេ។ ក្នុងនោះ វិស័យចិញ្ចឹមសត្វនៅកម្ពុជាមានការកើនឡើង និងបានបំពេញតម្រូវការក្នុងស្រុក ៩៥%។

 


លោក សុខ រ៉ាដេត អគ្គនាយកក្រុមហ៊ុនសាច់ជ្រូកជាតិ ដែលមានកសិដ្ឋាននៅភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា នៅឆ្នាំនេះការចិញ្ចឹមជ្រូកមានការកើនឡើងប្រមាណ ១០-១៥% មានភាពល្អប្រសើរជាងឆ្នាំ២០២៤ ដោយសារតែនៅឆ្នាំនេះ តម្លៃសាច់ជ្រូកកំពុងតែមានទីផ្សារល្អ។ ដោយឡែក សម្រាប់ការផ្គត់ផ្គង់សាច់នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ក៏មានការកើនឡើងខ្លាំង បើធៀបនឹងថ្ងៃធម្មតា ដោយសារពលរដ្ឋត្រូវការយកទៅធ្វើចង្ហាន់ប្រគេនដល់ព្រះសង្ឃ និងធ្វើជាម្ហូបអាហារផ្សេងៗ។ ទោះបីតម្រូវការសាច់មានការកើនឡើងក៏ពិតមែន តែតម្លៃសាច់ជ្រូកនៅលើទីផ្សារ ពុំមានឡើងថ្លៃគួរឱ្យកត់សម្គាល់នោះទេ។

 

 

លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វនៅកម្ពុជា បានឱ្យដឹងថា តម្រូវការផ្គត់ផ្គង់ជ្រូករស់នៅលើទីផ្សារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ បានហក់ឡើងដល់ប្រមាណក្នុងរង្វង់ ១ម៉ឺនក្បាលក្នុងមួយថ្ងៃ ខណៈនៅថ្ងៃធម្មតា ការផ្គត់ផ្គង់លើទីផ្សារមានតម្រូវការប្រមាណ ៩ពាន់ក្បាលក្នុងមួយថ្ងៃ ឬស្មើនឹង ៩០ម៉ឺនគីឡូក្រាម សម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុង១ថ្ងៃ។ ចំណែក តម្លៃលក់ចេញវិញ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ មានការថយចុះបន្តិចបន្ទួចខុសពីថ្ងៃធម្មតាផងដែរ ជាក់ស្តែង ការលក់ជ្រូករស់លើទីផ្សារមានតម្លៃប្រមាណជាង ៨ ពាន់រៀល ក្នុងមួយគីឡូក្រាម ខណៈនៅមុនរដូវបុណ្យភ្ជុំ តម្លៃជ្រូករស់កើនឡើងដល់ប្រមាណជាង ១ម៉ឺន ១ពាន់រៀល នៅក្នុងមួយគីឡូក្រាម រីឯតម្លៃសាច់ជ្រូកនៅលើទីផ្សារមានតម្លៃក្រោម ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ ចំពោះ តម្លៃដែលថមថយក្នុងរដូវបុណ្យភ្ជុំនេះ អាចស្មើតម្លៃដើមនៃផលិតកម្ម ឬអាចខាតបង់បន្តិចបន្តួច តែទោះជាយ៉ាងណា នេះក៏ជាផលល្អមួយសម្រាប់ប្រជាពលរដ្ឋ ប៉ុន្តែប៉ះពាល់តិចតួចដល់អ្នកចិញ្ចឹម។ 

 

 

ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានបន្តថា ទោះបីមានការរឹតបន្តឹងលើការនាំចូលសាច់ពីក្រៅប្រទេសក៏ដោយ តែការផ្គត់ផ្គង់សាច់ជ្រូក នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មិនមានការខ្វះខាតនោះទេ ដោយសារការផលិតក្នុងស្រុកអាចធានាការផ្គត់ផ្គង់បានគ្រប់គ្រាន់ ហើយការផលិតនាពេលបច្ចុប្បន្ននេះមានចំនួនច្រើន និងលើសពីតម្រូវការប្រើប្រាស់។ទន្ទឹមនឹងនេះ ការចិញ្ចឹម និងការផ្គត់ផ្គង់ជ្រូករស់ មាន់ ទា នៅក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌនេះ ឃើញថា កម្ពុជា មានការវិវត្តន៍រីកចម្រើនយ៉ាងខ្លាំង ក្នុងនោះ ក្រៅពីការចិញ្ចឹមលក្ខណៈគ្រួសារ កម្ពុជា ក៏មានកសិដ្ឋានចិញ្ចឹមធំៗជាច្រើនកន្លែង ប្រកបដោយស្តង់ដារ បានន័យថា វិស័យចិញ្ចឹមនៅកម្ពុជា ជាពិសេសការចិញ្ចឹមជ្រូកបាន និងកំពុងរីកចម្រើនគួរឲ្យកត់សម្គាល់។ កាលពី ៥ឆ្នាំមុន កម្ពុជា នៅពឹងផ្អែកលើការនាំចូលជ្រូករស់ពីប្រទេសជិតខាង ដើម្បីបំពេញតម្រូវការ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាអាចផ្គត់ផ្គង់សាច់ជ្រូកបានដោយខ្លួនឯង ១០០% តែម្តង ដោយមិចចាំចាច់ពឹងផ្អែកលើការនាំចូលជ្រូករស់ពីក្រៅប្រទេស។

 

 

ក្នុងនោះ ស្ថានភាពចិញ្ចឹមសត្វជ្រូកសព្វថ្ងៃនេះ បើនិយាយពីតម្លៃ ក៏មានភាពល្អប្រសើរផងដែរ ដោយសារតែតម្រូវការជ្រូកក្នុងប្រទេស និងប្រទេសជិតខាងមានតម្លៃល្អដូចគ្នា។ ជុំវិញផលិតកម្មក្នុងវិស័យកសិកម្ម ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្មីៗនេះ បានឲ្យដឹងថា ផលិតកម្មក្នុងស្រុក រាជរដ្ឋាភិបាលកម្ពុជាបានកំពុងដើរលើផ្លូវត្រូវ ក្នុងការជម្រុញអភិវឌ្ឍន៍វិស័យកសិកម្ម ជាក់ស្តែង បច្ចុប្បន្ននេះ វិស័យកសិកម្មមានអតិរេកនៅក្នុងផលិតកម្មស្ទើរតែគ្រប់មុខ ក្នុងនោះសម្រាប់វិស័យដាំដុះ កម្ពុជាក៏មានកសិផលជាច្រើន កំពុងផ្គត់ផ្គង់នៅលើទីផ្សារ និងបានកំពុងហៀរទៅកាន់ទីផ្សារក្រៅស្រុកជាច្រើនផងដែរ។ ចំណែកផលិតកម្មសត្វវិញ វិស័យនេះក៏បានកំពុង វិវត្តន៍រីកចម្រើនគួរកត់សម្គាល់ និងបានកំពុងមានការចិញ្ចឹមក្នុងស្រុកយ៉ាងផុលផុស គាំទ្រដល់តម្រូវការទីផ្សារ។

 

 

ជាមួយគ្នានេះ វិស័យចិញ្ចឹមសត្វ នៅតែបន្តរក្សាបានវឌ្ឍនភាពពីមួយឆ្នាំទៅមួយឆ្នាំមិនឈប់ឈរ ពោលគឺកម្ពុជាបានផ្តើមពីការចិញ្ចឹមដែលមានលក្ខណៈគ្រួសារ រហូតបានក្លាយជាការចិញ្ចឹមបែបពាណិជ្ជកម្មទំនើប ដូចបណ្តាប្រទេសនានា ហើយមានលទ្ធភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុកយ៉ាងពេញលេញទៀងទាត់ និងមានផលិតកម្មសត្វមួយចំនួន អាចនាំចេញទៅក្រៅទេសទៀតផង។ គួរជម្រាបថា វិស័យចិញ្ចឹមសត្វកម្ពុជា មានដំណើរការជាវិជ្ជមានពិសេសលើផ្នែកទីផ្សារ ដែលធ្វើឱ្យសហគ្រិនខ្មែរយើង ជាពិសេស សមាជិក សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាដែលស្រលាញ់ពេញចិត្តវិស័យនេះមានទឹកចិត្តឡើងវិញ ហើយក៏បានជំរុញថ្នាក់ដឹកនាំសមាគមឱ្យបន្តតាមដាន និងស្វែងរកការគាំទ្រលើគោលនយោបាយ និងស្វះស្វែងចូលជួបប្រជុំពិភាក្សាការងារជាមួយក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីជួយដល់វិស័យចិញ្ចឹមសត្វ និងធានាដល់សុខុមាលភាពសង្គមផងដែរ៕
 

 

 

អត្ថបទ៖ ថុន សុកតុមាលា រូបភាព៖ ឯកសារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025