ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
បវរកញ្ញាកូនកាត់ខ្មែរ-អាមេរិក ស៊ីដនី ម៉ារិទ្ធ បង្ហើបថា នាងមានដំណឹងពិសេសត្រៀមប្រកាសឱ្យអ្នកគាំទ្រដឹងឆាប់ៗនេះ បើទោះជាគម្រោងនេះមិនទាន់ចេញផ្លូវការ ១០០ភាគរយក្ដី។
ជយលាភីលំដាប់រងទី១ នៃកម្មវិធី Miss Supranational Cambodia 2025 គឺកញ្ញា ស៊ីដនី ម៉ារិទ្ធ កំពុងធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ ក្រោយនាងបង្ហើបពីគម្រោងថ្មីដែលត្រៀមធ្វើក្នុងឆ្នាំ២០២៥ ពាក់ព័ន្ធវិស័យបវរកញ្ញា ខណៈមហាជន និងអ្នកនិយមតាមដានការប្រកួតបវរកញ្ញានៅកម្ពុជាថាតើពេលណាទើបកូនកាត់ខ្មែរ-អាមេរិករូបនេះមានឱកាសតំណាងកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិ?
ជុំវិញសំនួរដ៏រសើបនេះ ស៊ីដនី ទម្លាយឱ្យដឹងថា នាងពិតជាផែនការថ្មីសម្រាប់វិស័យបវរកញ្ញា ហើយគ្រប់គ្នានឹងបានឃើញនាពេលឆាប់ៗនេះ។ទោះបីជាពេលនេះ ស៊ីដនី មិនទាន់បញ្ជាក់ប្រាប់ឱ្យដឹងពីកម្មវិធីអន្តរជាតិនោះក៏ពិតមែន តែនាងបានដាក់គោលដៅច្បាស់លាស់ក្នុងការពាំនាំនូវភាពស្រស់ស្អាតនៃសិល្បៈវប្បធម៌ខ្មែរទៅកាន់អន្តរជាតិ និងបង្ហាញឱ្យគ្រប់គ្នាឃើញពីសមត្ថភាព ចំណេះដឹង និងការខំប្រឹងរបស់នាងទៅកាន់អ្នកគ្រប់គ្នា។
ស្របគ្នាជាមួយគម្រោងផែនការធំត្រៀមបើកបង្ហាញឆាប់ៗនេះ កូនកាត់ខ្មែរ-អាមេរិក ស៊ីដនី ម៉ារិទ្ធ ក៏មមាញឹកការងារសិល្បៈផ្សេងៗ ហើយនាងពិតជារំភើបចំពោះគម្រោងសហគមន៍របស់នាងសម្រាប់ចែករំលែកជាមួយអ្នកគ្រប់គ្នា។ ស៊ីដនី ថា បេសកកម្មរបស់នាង គឺមិនមែនគ្រាន់តែឈ្នះមកុដជយលាភីប៉ុណ្ណោះទេ តែជាការធ្វើជាគំរូសម្រាប់អ្នកដ៏ទៃ និងអ្នកគាំទ្ររបស់នាង។
កុំភ្លេចរង់ចាំអ៊ុតមើលថា តើបវរកញ្ញាកូនកាត់ខ្មែរ-អាមេរិក ស៊ីដនី ម៉ារិទ្ធ នឹងតំណាងកម្ពុជាទៅប្រកួតកម្មវិធីអន្តរជាតិមួយណា? ខណៈសាម៉ីខ្លួនបានលួចខ្សឹបប្រាប់ថា គ្រប់យ៉ាងគឺស្ថិតក្នុងខែវិច្ឆិកា ខាងមុខនេះ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក