ថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥

មិនហ៊ានសម្រាកតារាសិចស៊ី ហ្វាហ្វា ប្រឹងរកលុយទិញរថយន្ត សង់ផ្ទះបំពេញបំណងម្តាយមុនរៀបការ

១៤ ឧសភា ២០២៥ | កម្សាន្ដ

 

 

តារាសិចស៊ី កញ្ញា ហ្វាហ្វា កំពុងជោគជ័យខ្លាំងក្នុងអាជីពពិធីករ ដោយនាងមិនហ៊ានឈប់សម្រាកឡើយ ព្រោះចង់សន្សំលុយទិញរថយន្ត និង សាងសង់ផ្ទះ ជូនអ្នកមានគុណ ។ តស៊ូក្នុងសិល្បៈជាច្រើនឆ្នាំទីបំផុតតារាសិចស៊ី កញ្ញា ហ្វាហ្វា បានបំពេញបំណងម្តាយរបស់ខ្លួនបណ្តើរៗហើយ ដោយបានសន្សំលុយទិញរថយន្ត និង សាងសង់ផ្ទះជូនអ្នកមានគុណ ដោយមិនហ៊ានឈប់សម្រាក់ មុននឹងនាងសម្រេចចិត្តរៀបការមានគ្រួសារ ។

 

 

នៅក្នុងពិភពសិល្បៈនរណាៗក៏ដឹងដែរថា កញ្ញា បានតស៊ូយ៉ាងលំបាកនៅក្នុងអាជីពសម្តែង  កន្លងមកនាងធ្លាប់ឆ្លងកាត់ការសម្តែងរាប់មិនអស់ មិនថាផលិតករតម្រូវឱ្យនាងសម្តែងតួអង្គបែបណា នាងធ្វើបានទាំងអស់ សំខាន់ឱ្យតែត្រូវថ្លៃ ។

 

 

 ក្រោយតស៊ូអស់ជាច្រើនឆ្នាំក្នុងអាជីពសម្តែង សិចស៊ីរូបនេះ ក៏បានវិឌ្ឍន៍ខ្លួនក្លាយទៅជាពិធីការិនីនៅក្នុងកម្មវិធីជាច្រើន។ ជាក់ស្តែងចុងក្រោយនេះនាងក៏បានក្លាយទៅជាពិធីការិនីនៅក្នុងកម្ម Rapper Fighter របស់ទូរទស្សន៍ ភីអិនអិន ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះនាងកាន់តែល្បីល្បាញ និងមានបណ្តាក្រុមហ៊ុនជាច្រើនពេញចិត្ត និងហៅនាងធ្វើការងារជាបន្តបន្ទាប់ ។

 

 

ស្របពេលដែលកំពុងជោគជ័យលើវិថីថ្មីនេះ ហ្វាហ្វា ក៏មិនដែលភ្លេចពីកំណើតរបស់ខ្លួន និងការតស៊ូ រួមជាមួយការសន្យាជាមួយខ្លួនឯង និងម្តាយថា ចង់ទិញរថយន្តថ្មី និង សាងសង់ផ្ទះសម្រាប់អ្នកមានគុណ ។ 

 

 

ជួបជាមួយកញ្ញា ហ្វាហ្វា កាន់ពីពេលថ្មីៗនេះនាងបានបញ្ជាក់ប្រាប់ថា បំណងប្រាថ្នានាងបានសម្រេចបណ្តើរៗហើយ នាងអាចមានលទ្ធភាពទិញរថយន្ត សាងសង់ផ្ទះជូនម្តាយតាមអ្វីដែលខ្លួនបានសន្យា ថ្វីដ្បិតតែការសាងសង់ផ្ទះនៅមានការខ្វះខាតបន្តិចបន្តួច ប៉ុន្តែនាងខំប្រឹងធ្វើការងារសន្សំប្រាក់មិនហ៊ានឈប់សម្រាកឡើយ សូម្បីតែពេលឈឺ ក៏ប្រឹងធ្វើទាំងខ្លួនឈឺដែរ ពីព្រោះតែចង់បានប្រាក់ចំណូល ។

 

 

ក្រៅពីប្រឹងប្រែងរកប្រាក់បំពេញបំណងសម្រាប់គ្រួសារ កញ្ញា ហ្វាហ្វា ក៏បានបង្ហើបប្រាប់ផងដែរថា ចំពោះរឿងគូស្រករអនាគត នាងចង់រៀបការនៅពេលដែលនាងបានបំពេញម្តាយរួចរាល់ យ៉ាងយូរ ២ ឬ៣ឆ្នាំទៀត ។ ចំពោះអាជីពសម្តែងពេលនេះ កញ្ញាសុំផ្អាកមួយរយៈសិន ដោយនាងចង់ទុកពេលវេលាទៅលើការងារ ថតផ្សាយពាណិជ្ជកម្ម ការងាររកស៊ី និងអាជីពពិធីការិនី ច្រើនជាង ...៕

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025