ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥

កិច្ចពិភាក្សារុស្ស៊ីអ៊ុយក្រែននៅទួគីព្រមព្រៀងដោះដូរអ្នកទោស

 

 

រយៈពេលច្រើនជាង៣ឆ្នាំក្នុងសង្គ្រាមដែលមានមនុស្សស្លាប់ច្រើនបំផុតនៅសហភាពអ៊ឺរ៉ុបចាប់តាំងពីឆ្នាំ១៩៤៥ ឃើញថាកាលពីថ្ងៃសុក្រ(១៦ឧសភា) ជំនួបនាំមកនូវការវិវត្តន៍ទៅមុខដ៏តូចមួយទៅលើកិច្ចការទូត។

 

ប្រតិភូ មកពីប្រទេសអ៊ុយក្រែន និងរុស្ស៊ី បានជួបពិភាក្សាទល់មុខគ្នាជាលើកដំបូងចាប់តាំងពីខែមីនាឆ្នាំ២០២២គឺនៅ១ខែក្រោយការឈ្លានពានពេញទម្រង់របស់រដ្ឋាភិបាលទីក្រុងម៉ូស្គូលើប្រទេសអ៊ុយក្រែនដែលជាប្រទេសក្បែរខាងរបស់ខ្លួន។ ជំនួបនេះ ធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសអ៊ុយក្រែន។ 

 

សម្ពាធ និងការលើកទឹកចិត្តពីប្រទេសទួគី និងសហរដ្ឋអាមេរិក បានជួយឱ្យភាគីសង្គ្រាមបានជួបពិភាក្សាគ្នា។ មិនមានការចាប់ដៃគ្នាឡើយ។ 

 

លោកHakan Fidan រដ្ឋមន្ត្រីការបរទេសទួគី បានប្រាប់ក្រុមគណៈប្រតិភូដូច្នេះថា មានផ្លូវ២នៅខាងមុខ ។ ១គឺផ្លូវទៅរកសន្តិភាព និង១ទៀត គឺផ្លូវទៅរកការស្លាប់មនុស្សកាន់តែច្រើន និងការបំផ្លិចបំផ្លាញ។ 

 

ការ​ចរចា​មាន​រយៈពេល​តិច​ជាង​២ម៉ោង ហើយការយល់ឃើញខុសគ្នាខ្លាំងក៏ចាប់ផ្តើមលេចឡើង។ វិមានគ្រីមឡាំង បានចេញការទាមទារថ្មី និងមិនអាចទទួលយកបាន។ យោងមន្ត្រីអ៊ុយក្រែន។ ការទាមទាររួមមាន ឱ្យអ៊ុយក្រែនដកយោធាចេញពីទឹកដីមួយភាគធំរបស់ប្រទេសអ៊ុយក្រែន ជាថ្នូរនឹងបទឈប់បាញ់។ 

 

ស្របពេលដែលមិនអាចរកឃើញច្រកចេញទៅរកបទឈប់បាញ់ដូចការរំពឹងទុក ប៉ុន្តែមានដំណឹងនៃលទ្ធផលជាក់ស្តែងមួយ គឺភាគីទាំង២ បានឯកភាព ដោះដូរអ្នកទោសសង្គ្រាម១០០០នាក់ឱ្យគ្នាទៅវិញទៅមក។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025