ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥
ក្រុមសង្គ្រោះប្រជាជនប៉ាឡេស្ទីន បានរាយការណ៍ឱ្យដឹងថា មនុស្ស១២០នាក់ត្រូវបានសម្លាប់នៅថ្ងៃព្រហស្បតិ៍(១៥ឧសភា) នៅក្នុងការវាយប្រហារពីប្រទេសអ៊ីស្រាអ៊ែល លើតំបន់ហ្គាហ្សា។
សម្រាប់តំបន់ហ្គាហ្សា អង្គការមួយដែលគាំទ្រដោយសហអាមេរិក បានឱ្យដឹងថា ស្ថាប័នរបស់ខ្លួន មានបំណងនឹងចាប់ផ្តើម ចែកចាយជំនួយនៅត្រឹមចុងខែនេះ។ ជំនួយផ្តល់ទៅតំបន់ហ្គាហ្សា ត្រូវបានកាត់ផ្តាច់ចាប់តាំងពីថ្ងៃទី២ខែមីនា,នេះជាមធ្យោបាយដែលអ៊ីស្រាអ៊ែលនិយាយថា មានបំណងនឹងបង្ខំឱ្យមានសម្បទានពីក្រុមហាម៉ាស់ ប៉ុន្តែក្រុមហាម៉ាស់ បានទទូចនៅថ្ងៃព្រហស្បតិ៍ថា ការផ្តល់ជំនួយមនុស្សធម៌ឡើងវិញ ទៅទឹកដីហ្គាហ្សាដែលបំផ្លិចបំផ្លាញទៅដោយសង្គ្រាមគឺជាលក្ខខណ្ឌតម្រូវការដ៏តិចតួចបំផុតសម្រាប់ការឈានចូលទៅកិច្ចពិភាក្សា។
ក្រុមហាម៉ាស់ក៏បានព្រមានផងដែរថា តំបន់ហ្គាហ្សាមិនមែនសម្រាប់លក់។ ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិកt Donald Trump ក្នុងតំបន់ទស្សនកិច្ចទៅកាន់តំបន់មជ្ឈឹមបូព៌ា បានលើកឡើងពីការគ្រប់គ្រងតំបន់ហ្គាហ្សាហើយប្រែក្លាយតំបន់ហ្គាហ្សាទៅជាតំបន់សេរីភាព។
ទីភ្នាក់ងារការពារជនស៊ីវិលតំបន់ហ្គាហ្សា បាននិយាយថា តួលេខមនុស្សស្លាប់ដោយសារការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សាចាប់តាំងពីពេលថ្ងៃទើបនឹងរះនៅថ្ងៃព្រហស្បតិ៍ បានកើនឡើងដល់១២០នាក់។
ប្រែសម្រួល៖ណាវ័ន្ត