ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥
ក្រុមហ៊ុនអាកាសចរណ៍រដ្ឋប្រទេសកាតា Qatar Airways បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃពុធ(១៤ឧសភា) ដើម្បីទិញយន្តហោះជាច្រើនគ្រឿងពីក្រុមហ៊ុនផលិតយន្តហោះរបស់អាមេរិកប៊ូអ៊ីញ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់ប្រទេសអារ៉ាប់ឈូងសមុទ្រមួយនេះ។
ប្រធានាធិបតីTrump បាននិយាយថា កិច្ចព្រមព្រៀងមានតម្លៃ២០០ពាន់លានដុល្លារអាមេរិក ទិញយន្តហោះ១៦០គ្រឿង។
លោកTrump និងមហាក្សត្រប្រទេសកាតាEmir Sheikh Tamim bin Hamad Al-Thani ជាសាក្សីនៃពិធីចុះហត្ថលេខានៅទីក្រុងដូហា។
កិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខាអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកTrump ទៅកាន់រដ្ឋអារ៉ាប់តំបន់ឈូងសមុទ្រនេះជាប្រទេសទស្សនកិច្ចទី២របស់លោក បន្ទាប់ពីលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនជាមួយប្រទេសអារ៉ាប៊ី សាអូឌីត នៅថ្ងៃអង្គារ(១៣ឧសភា)។
លោកប្រធានាធិបតីអាមេរិកលើកឡើងថា នាយកប្រតិបត្តិក្រុមហ៊ុនប៊ូអ៊ីងលោក Kelly Ortberg ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍កាតាលោក Badr Mohammed Al-Meer បានប្រាប់លោកថា «នេះជាការបញ្ជាទិញយន្តហោះច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនប៊ូអ៊ីង»។
នៅមិនទាន់ច្បាស់នៅឡើយទេ ថាតើ យន្តហោះក្រុមហ៊ុនប៊ូអ៊ីញប្រភេទមួយណាដែលស្ថិតនៅក្នុងកិច្ចព្រមព្រៀងមួយនេះ។
ប្រែសម្រួល៖ណាវ័ន្ត