ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិកDonald Trump គ្រោងនឹងទទួលយកអំណោយយន្តហោះ Boeing 747-8 ដែលមានតម្លៃ៤០០លានដុល្លារអាមេរិក ពីគ្រួសាររាជវង្សប្រទេសកាតា។ យន្តហោះនេះនឹងត្រូវប្រើប្រាស់ជាយន្តហោះ Air Force Oneអំឡុងពេលអណត្តិទី២របស់ប្រធានាធិបតីTrump។
យន្តហោះទំនើប មានតម្លៃ៤០០លានដុល្លារ ក្រោយទៅទៀតនឹងត្រូវបរិច្ចាគទៅបណ្ណាល័យប្រធានាធិបតីសម្រាប់លោក Donald Trump ។
ផែនការទទួលយកអំណោយពីរាជវង្សកាតា បាននាំមកនូវភាពចម្រូងចម្រាស់ ដែលខាងអ្នកនយោបាយគណបក្សប្រជាធិបតេយ្យ និងក្រុមអ្នកតស៊ូមតិផ្នែកអភិបាលកិច្ចល្អ បានចាត់ទុកការទទួលយកអំណោយថា គ្មានសីលធម៌ និងអាចខុសពីរដ្ឋធម្មនុញ្ញ។
អ្នកនាំពាក្យ ប្រទេសកាតា Ali Al-Ansari បានបញ្ជាក់ថា សំណើរស្ថិតនៅក្រោមការពិចារណាដោយក្រសួងការពារជាតិប្រទេសកាតា និងក្រសួងការពារជាតិអាមេរិក ហើយមិនទាន់មានសេចក្តីសម្រេចណាមួយ បានធ្វើឡើងនៅឡើយទេ។
យ៉ាងណាក៏ដោយ នៅលើបណ្តាញសង្គមអនឡាញ Truth Social នៅថ្ងៃអាទិត្យ, លោកTrump ហាក់ដូចជាបញ្ជាក់ថា លោកមានបំណងនឹងទទួលយកយន្តហោះជាអំណោយ ដោយលើកឡើងថា ការពន្យាពេលរបស់ក្រុមហ៊ុនប៊ូអ៊ីងក្នុងការប្រគល់យន្តហោះ Air Force One ថ្មី ធ្វើឱ្យលោកTrump ពិចារណាទទួលយកអំណោយយន្តហោះពីប្រទេសកាតា។
ក្នុងតម្លៃប្រហែល៤០០ដុល្លារអាមេរិក អំណោយនេះ នឹងក្លាយជាអំណោយមួយក្នុងចំណោមអំណោយដែលមានតម្លៃបំផុតជាលើកដំបូងសម្រាប់រដ្ឋាភិបាលអាមេរិក។
ប្រទេសកាតា ក៏ធ្លាប់ឱ្យយន្តហោះឯកជនជាអំណោយទៅបណ្តាប្រទេសផ្សេងទៀតផងដែរ រួមមានប្រទេសទួគី។
ប្រែសម្រួល៖ណាវ័ន្ត