ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥
ក្រុមហ៊ុនរថយន្តអគ្គិសនីយក្សរបស់ចិន BYD កំពុងវិនិយោគបើករោងចក្រនៅប៉ែកអឺរ៉ុបដំបូងបំផុតរបស់ខ្លួន ស្ថិតនៅក្នុងប្រទេសហុងគ្រី ដោយមានផែនការដាក់ចេញទាំងរថយន្តអគ្គិសនី និងរថយន្ត Plug-in Hybrid ដែលចាប់ផ្តើមដំណើរការនៅឆមាសទី ២ ឆ្នាំនេះ។ នេះបើយោងតាម សារព័ត៌មានអន្តរជាតិធំៗ ចេញផ្សាយនៅថ្ងៃនេះ។
ប្រធានសភាពាណិជ្ជកម្មទីក្រុងសេហ្គេត បានបញ្ជាក់ថា រោងចក្រដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ BYD នឹងក្លាយជាការវិនិយោគចម្រុះជាតិសាសន៍ដំបូងគេនៅក្នុងទីក្រុងសេហ្គេត ដោយប្រែក្លាយទីក្រុងទៅជាមជ្ឈមណ្ឌលឧស្សាហកម្ម និងសេដ្ឋកិច្ច។ក្រុមហ៊ុន BYD នាំមកនូវអ្វីដែលថ្មី ដោយបន្ថែមភាពចម្រុះដល់ ទីក្រុងដែលពីមុន ផ្តោតលើវិស័យកសិកម្មតែមួយមុខ។
អ្នកជំនាញ និយាយថា ចាប់តាំងពីការប្រកាសគម្រោងនៅឆ្នាំ ២០២៤មក តម្រូវការលំនៅដ្ឋានបានកើនឡើង ៣ដង ហើយតម្លៃអចលនទ្រព្យបានកើនឡើង ១២% កាលពីឆ្នាំមុន។
ភ្នាក់ងារអចលនទ្រព្យនៅទីក្រុងសេហ្គេត លើកឡើងថា ទីក្រុង មានផ្ទះគ្រប់គ្រាន់ សម្រាប់មនុស្សប្រមាណ ១៧ម៉ឺននាក់ ប៉ុន្តែ វាអាចផ្លាស់ប្តូរនៅពេលដែល កម្មករកាន់តែច្រើន ផ្លាស់ទីមកកាន់ ទីក្រុងមួយនេះ។សូមជម្រាបថា រោងចក្ររបស់ BYD គ្រោងនឹងបើកដំណើរការ នៅចុងឆ្នាំនេះ ដោយដំបូងឡើយអាចផលិតរថយន្តបាន ១៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ និងបង្កើតការងារបាន ៤ពាន់កន្លែង នៅពេលអនាគត រោងចក្រនេះ អាចផ្តល់ការងារដល់កម្មកររហូតដល់ ១ម៉ឺននាក់៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ