ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥

សកម្មភាពហោះហើរតាមផ្លូវអាកាសនៅកម្ពុជា កើនឡើងជាង ១៧% ក្នុងរយៈពេល ៤ខែ

១៤ ឧសភា ២០២៥ | សេដ្ឋកិច្ច

 

អាកាសចរណ៍ស៊ីវិលកម្ពុជា បានបញ្ជាក់ថា ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង ៣ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំនេះ គឺមានជើងហោះហើរចេញ-ចូល មានចំនួនជាង ២ម៉ឺនជើង មានការកើនឡើងជាង ១៧ % បើធៀបទៅនឹងរយៈពេល ៤ខែ ឆ្នាំ២០២៤។ទិន្នន័យពីអាកាសចរណ៍ស៊ីវិលកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ៤ខែ ដើមឆ្នាំនេះ នៅអាកាសយានដ្ឋានអន្តរជាតិទាំង ៣ គឺមានជើងហោះហើរចេញ-ចូល មានចំនួនជាង ២ម៉ឺន ២ពាន់ជើង មានការកើនឡើងជាង ១៧ ខណៈអ្នកដំណើរចេញ-ចូល មានប្រមាណជាង ២លាន ៥សែននាក់ ដោយតួលេខនេះកើនឡើងប្រមាណ ១៨% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។

 


ទន្ទឹមគ្នានេះ ទំនិញដឹកជញ្ជូនតាមផ្លូវអាកាសចេញ-ចូល មានចំនួនជាង ២ម៉ឺនតោន មានការកើនឡើង ៨% បើធៀបទៅនឹងរយៈពេល ៤ខែ ឆ្នាំ២០២៤។ថ្មីៗនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានដាក់ផែនការជំរុញការសម្រេចឱ្យបាននូវ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសចំនួន ៧,៥លាននាក់ និង ទំនិញចំនួន ៨០ពាន់តោន នៅក្នុងឆ្នាំ២០២៥នេះ។ 

 


លើសពីនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏ជំរុញ និងសម្រួលនីតិវិធី ដើម្បីគាំទ្រដល់ការរៀបចំជើងហោះហើរថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ពីទីក្រុងអ៊ីស្តង់ប៊ុល មកកាន់រាជធានីភ្នំពេញ   ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ពីទីក្រុងអាប៊ូដាប៊ី មកកាន់រាជធានីភ្នំពេញ និងក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines ពីទីក្រុងឌូបៃ មកកាន់ខេត្តសៀមរាប។

 


បច្ចុប្បន្ន កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន ៣១ក្រុមហ៊ុន កំពុងធ្វើការហោះហើរចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិទាំង ៣ ជាប្រចាំ ក្នុងនោះ ការហោះហើរចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចំនួន ១៣១ជើង/ថ្ងៃ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចំនួន ៥២ជើង/ថ្ងៃ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ចំនួន ៦ជើង/ថ្ងៃ។ក្រៅពីអាកាសយានដ្ឋានអន្តរជាតិទាំង ៣ខាងលើ រហូតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់ ប្រមាណជាង ៩៦% នឹងគ្រោងដាក់ឲ្យដំណើរការនៅខែកក្កដា ខាងមុខនេះ ដែលមានសមត្ថភាពអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។

 


សូមជម្រាបផងដែរថា  យោងតាមទិន្នន័យពីក្រសួងទេសចរណ៍ បានឱ្យដឹងថា វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើង ២៣% ធៀបនឹងឆ្នាំ២០២៣ និងកើនឡើង ១,៤% ធៀបនឹងឆ្នាំ២០១៩។ដោយឡែកក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស (អាកាសចរណ៍) ទើបតែងើបវិញជាលំដាប់បានប្រមាណជាង ៦៨% នៅឆ្នាំ ២០២៤ តែប៉ុណ្ណោះ បើធៀបទៅនឹងស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ក្នុងឆ្នាំ ២០១៩៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025