ថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥

ត្រីមាសទី១ ឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ជិត ២លាននាក់ កើនឡើង ១៦%

១៤ ឧសភា ២០២៥ | សេដ្ឋកិច្ច

 

កម្ពុជា ទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជិត ២លាន នាក់ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ មានការកើនឡើង ១៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

 

 

ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារ និងភាគីពាក់ព័ន្ធដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិសម្រាប់រដូវកាលបៃតង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា គិតត្រឹមរយៈពេល ៣ខែ ដើមឆ្នាំ២០២៥នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកទស្សនាកម្ពុជាមានចំនួនជិត ២លាននាក់ ខណៈក្រសួងទេសចរណ៍ ប្តេជ្ញាជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតងបន្ថែមទៀត ដើម្បីបង្កើនការទាក់ទាញចំនួនភ្ញៀវទេសចរណ៍បន្ថែម។

 


ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរនៅក្នុងរដូវកាលបៃតង (Green Season) ឱ្យមានកំណើនបន្ថែមលើសពីការរំពឹងទុក។ ហើយក្នុងរយៈពេល ៣ខែ ដើមឆ្នាំ ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកទស្សនាកម្ពុជាមានចំនួនជិត ២លាននាក់ មានការកើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។

 


ជាមួយគ្នាននេះ កំណើននេះ គឺបានសបញ្ជាក់ឱ្យឃើញអំពីសក្តានុពលទេសចរណ៍ និងសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជម្រើសការស្នាក់នៅ ម្ហូបអាហារដ៏មានឱជារស ការកម្សាន្តដ៏សម្បូរបែប ហេដ្ឋារចនាសម្ព័ន្ធមានការអភិវឌ្ឍ ដែលជំរុញឱ្យភ្ញៀវទេសចរ ជ្រើសរើសអញ្ជើញមកទស្សនា និងកម្សាន្តនាពេលបច្ចុប្បន្ននេះ។

 


ទន្ទឹមនឹងនេះ ដើម្បីពង្រឹងគុណភាពការធ្វើបដិសណ្ឋារកិច្ចភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងរដូវកាលបៃតង (Green Season) ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់វិស័យឯកជនត្រូវរួមគ្នាបញ្ចុះតម្លៃស្នាក់នៅតាមសណ្ឋាគារ និងម្ហូបអាហារ ការពង្រឹងបដិសណ្ឋារកិច្ចឱ្យល្អ និងកក់ក្តៅ ជាពិសេសត្រូវរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានា នៅតាមបណ្តារាជធានីខេត្ត ដោយត្រូវរៀបចំជាលក្ខណៈយុទ្ធសាស្ត្រ និងប្រកបដោយភាពច្នៃប្រឌិត និងមានអត្តសញ្ញាណវប្បធម៌ខ្មែរ ជាពិសេសកិច្ចសហការឱ្យបានសកម្ម និងផុសផុលពីបណ្តាភាំគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាសម្រេចឱ្យបាននូវកំណើនភ្ញៀវទេសចរបន្ថែមទៀតនាឆ្នាំ២០២៥នេះផងដែរ។ 

 


ជាមួយគ្នានេះ រដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ បន្តជំរុញ និងផ្តល់គោលការណ៍លើកទឹកចិត្តនានា ដល់វិស័យឯកជន ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ ការបញ្ចុះតម្លៃវីសា (e-Visa)របស់កម្ពុជា បានចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ មកទល់បច្ចុប្បន្ន។ ក្នុងនោះ វីសាប្រភេទ (T) ត្រូវបានបញ្ចុះពី ៣៦ដុល្លារ មកនៅត្រឹម ៣០ដុល្លារ វីសាប្រភេទ (E) visa បញ្ចុះតម្លៃពី ៤២ដុល្លារ មកនៅ ៣៥ដុល្លារ។សូមជម្រាបថា ពេញមួយឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ៦,៧លាននាក់ កើនឡើង ២៣% បើធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះ សម្រាប់ឆ្នាំ២០២៥ កម្ពុជារំពឹងចំនួនភ្ញៀវទេសចរអន្តរពី ៧,២លាននាក់ ទៅ ៧,៥លាននាក់៕ 
 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025