ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចង់ឱ្យវិនិយោគិនជប៉ុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជាឱ្យបានកាន់តែច្រើន តាមរយៈបង្កើតឱកាសការងារ នឹងរួមចំណែកដល់សេដ្ឋកិច្ចក្នុងស្រុក។
ក្នុងជំនួបពិភាក្សារការងាររវាងគណៈប្រតិភូនៃក្រុមហ៊ុន Yazaki និង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី បានលើកឡើងថា ក្រុមហ៊ុន Yazaki ជាក្រុមហ៊ុនជប៉ុន មានមូលដ្ឋានផលិតកម្មនៅខេត្តក្វាងតុង នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញពីបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុននេះកំពុងដំណើរការរោងចក្រផលិតគ្រឿងបង្គុំខ្សែភ្លើងនៅកម្ពុជាជាង ១០ឆ្នាំរួចមកហើយ។
ក្នុងឱកាសនៃជំនួប ឯកឧត្តម ជា វុទ្ធី បានអបអរក្រុមហ៊ុនដែលបានវិនិយោគ និងទទួលបានជោគជ័យនៅកម្ពុជា ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ហើយពេលនេះ ក្រុមហ៊ុនមានបំណងពង្រីកការវិនិយោគបន្ថែមទៀត។
ឯកឧត្តម បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន Yazaki ពិនិត្យលទ្ធភាពលើការវិនិយោគ បង្កើតតំបន់សេដ្ឋកិច្ចពិសេស(SEZ) ដើម្បីជួយទាក់ទាញវិនិយោគិនជប៉ុន ឱ្យមកបណ្តាក់ទុនផ្ទាល់កាន់តែច្រើនបន្ថែមទៀត ខណៈទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន កើនដល់ ២,២ ពាន់លានដុល្លារ នៅឆ្នាំ២០២៤។ ជាការឆ្លើយតប លោក Yoshimoto Ito តំណាងក្រុមហ៊ុន Yazaki បានថ្លែងអំណរគុណ ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន ខណៈក្រុមហ៊ុនមានបំណងចង់ពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។
ក្នុងនោះ ក្រុមហ៊ុន Yazaki បានបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំខ្សែភ្លើងនៅកម្ពុជា មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចនាងកុក ខេត្តកោះកុង ប្រមាណជាង ១០ឆ្នាំ និងបានបោះទីតាំង នៅខេត្តក្វាងតុង នៃសាធារណរដ្ឋប្រជាមានិតចិតប្រមាណជា ៤០ឆ្នាំ មកហើយផងដែរ។
សូមជម្រាបថា Yazaki បន្តពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ការពង្រីកនេះត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងារថ្មីៗ និងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចក្នុងស្រុក៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ