ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥

ការចរចាពាណិជ្ជកម្មបដិការរវាងកម្ពុជា និងអាមេរិក នឹងបន្តជុំទី ២ នៅដើមខែមិថុនា 

១៥ ឧសភា ២០២៥ | សេដ្ឋកិច្ច

 

ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងអាមេរិក បានបញ្ចប់ជុំទី១ ហើយនឹងបន្តជុំទី ២ នៅសប្តាហ៍ទី ១ ខែមិថុនា ឆ្នាំ ២០២៥នេះ នៅរដ្ឋធានីវ៉ាស៊ីនតោន។

 

 

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃនេះ។ នាថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅសហរដ្ឋអាម៉េរិក ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ចូលរួមកិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាង កម្ពុជា និងសហរដ្ឋអាម៉េរិក ជាមួយភាគីសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកជំទាវ Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។ 

 

 


ក្នុងកិច្ចប្រជុំចរចាជុំទី ១នេះ ភាគីទាំង ២ បានផ្លាស់ប្តូរយោបល់ដោយត្រង់ទៅត្រង់មកក្នុងបរិយាកាស យោគយល់គ្នា លើការពង្រឹងបន្ថែមនូវ ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅលើ អត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។លើសពីនេះ ភាគីទាំង ២ បានឯកភាពគ្នារៀបចំកិច្ចប្រជុំចរចាជុំទី ២ នៅសប្តាហ៍ទី១ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន។

 


បើក្រឡេកមើលតួលេខពាណិជ្ជកម្មវិញ យើងឃើញថា អាមេរិក គឺតែងតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ជាក់ស្តែង ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២៥នេះ កម្ពុជា នាំចេញទំនិញទៅកាន់អាមេរិក ជាង ៣ពាន់ ៣រយលានដុល្លារអាមេរិក ខណៈកម្ពុជា នាំចូលមកវិញជាង ៩៧លានដុល្លារអាមេរិក។កាលពីឆ្នាំ ២០២៤កន្លងទៅ កម្ពុជា នាំចេញទំនិញទៅកាន់អាមេរិកជិត ១០ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ១១% ហើយកម្ពុជា ក៏បាននាំចូលពីអាមេរិក មកវិញប្រមាណ ២៦៤លានដុល្លារអាមេរិក មានន័យថា កម្ពុជា សម្រេចនូវអតិរេកពាណិជ្ជកម្មជាង ៩ពាន់ ៦រយលានដុល្លារអាមេរិក។

 


ចំពោះការវិនិយោគរបស់អាមេរិកនៅកម្ពុជា បើតាមទិន្នន័យពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញឱ្យឃើញថា ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២៥នេះ សហរដ្ឋអាមេរិក បានបោះទុនវិនិយោគប្រមាណជាង ៦លានដុល្លារអាម៉េរិក នៅក្នុងប្រទេសកម្ពុជា។គួរជម្រាបថា ក្នុងរយៈពេល ៤ខែដើមឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន ២៣១គម្រោង កើនឡើងប្រមាណ ១០៣គម្រោង ហើយគម្រោងទាំងអស់ មានទុនវិនិយោគសរុបប្រមាណ ៣,៤ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ៨៥៦លានដុល្លារអាម៉េរិក ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ ២០២៤៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025