ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥

តម្លៃប្រេងឆៅសកល បន្តធ្លាក់ចុះ បន្ទាប់ពីអាមេរិកបង្កើនស្តុកប្រេង

១៥ ឧសភា ២០២៥ | សេដ្ឋកិច្ច

 

នៅសប្តាហ៍ទី ២ ខែឧសភានេះ តម្លៃប្រេងឆៅសកល បានធ្លាក់ចុះប្រមាណ ១% បន្ទាប់ពី សហរដ្ឋអាមេរិក បង្កើនស្តុកប្រេងរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។ នៅលើទីផ្សារប្រេងសកល ក្នុងសប្តាហ៍ទី ២ ខែឧសភានេះ តម្លៃប្រេងឆៅ Brent របស់អង់គ្លេស ស្ថិតនៅរង្វង់ ៦៦ដុល្លារអាមេរិកក្នុងមួយបារ៉ែល បន្ទាប់ពីធ្លាក់ចុះ ០,៦% ខណៈប្រេងឆៅ West Texas Intermediate របស់អាមេរិក ស្ថិតនៅចន្លោះ ៦៣ដុល្លារអាមេរិកក្នុងមួយបារ៉ែល ដែលមានការធ្លាក់ចុះប្រមាណ ០,៥%។

 


តម្លៃប្រេង បានចុះទាប បន្ទាប់ពីទិន្នន័យរបស់រដ្ឋាភិបាលអាមេរិក បានបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក បានកើនឡើងដោយមិនរំពឹងទុក កាលពីសប្តាហ៍មុន ដែលជំរុញឱ្យវិនិយោគិនព្រួយបារម្ភអំពី ការផ្គត់ផ្គង់ប្រេងលើសនៅលើទីផ្សារសកល។ជាក់ស្តែង តម្លៃប្រេងទាំង ២ប្រភេទខាងលើ ត្រូវបានជួញដូរ ជិតដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ២សប្តាហ៍ មុននិងធ្លាក់ចុះ បន្ទាប់ពី ទិន្នន័យពីរដ្ឋបាលព័ត៌មានថាមពល បង្ហាញថា ស្តុកប្រេងឆៅបានកើនឡើង ៣លាន ៥សែនបារ៉ែលដល់ ៤៤១លានបារ៉ែល កាលពីសប្តាហ៍មុន។

 


ប្រភពពី OPEC+ បានប្រាប់រ៉យទ័រថា ក្រុមនេះអាចនឹងបញ្ចប់នូវ ការកាត់បន្ថយទិន្នផលប្រេងដោយស្ម័គ្រចិត្ត នៅចុងខែតុលា ប្រសិនបើសមាជិក មិនធ្វើឱ្យប្រសើរឡើងនូវ ការអនុលោមតាមកូតាផលិតកម្មរបស់ពួកគេនោះ។ជាមួយគ្នានេះ អារ៉ាប៊ីសាអូឌីត កំពុងជំរុញ OPEC+ ឱ្យពន្លឿនការដំឡើងផលិតកម្មប្រេង ដើម្បីដាក់ទណ្ឌកម្មសមាជិកប្រទេសអ៊ីរ៉ាក់ និងកាហ្សាក់ស្ថាន ចំពោះការអនុលោមតាមកូតាផលិតកម្មរបស់ពួកគេ។

 


ជាចុងក្រោយ ក្រុមអ្នកវិភាគ បានបញ្ជាក់ថា ទីផ្សារប្រេង កំពុងដោះស្រាយជាមួយនឹង ភាពមិនច្បាស់លាស់នៃតម្រូវការ ហើយការផ្គត់ផ្គង់ប្រេងឆៅ កាន់តែកើនឡើង អាចនឹងលើសពីតម្រូវការ៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025