ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥
តួលេខប្រជាជនប៉ាលេស្ទីនស្លាប់ដោយសារការវាយប្រហារពីសំណាក់យោធាអ៊ីស្រាអ៊ែលនៅតំបន់ហ្គាហ្សា បានកើនឡើងដល់៥២,៩២៨នាក់ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣។ យោងអាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សា ឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃពុធ។
សេចក្តីថ្លែងការណ៍ដដែលឱ្យដឹងថា តួលេខមនុស្សរងរបួសសរុបបានកើនឡើងដល់១១៩,៨៤៦នាក់។
ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ មានប្រជាជនប៉ាលេស្ទីន២០នាក់ត្រូវបានសម្លាប់ និង១២៥នាក់រងរបួស នៅក្នុងការវាយប្រហារពីសំណាក់យោធាអ៊ីស្រាអ៊ែលដែលរឹតតែខ្លាំងឡើងលើតំបន់ហ្គាហ្សា។
យោងរបាយការណ៍សារព័ត៌មានAl Jazeera របស់ប្រទេសកាតា និងសារព័ត៌មានប៉ាលេស្ទីន ឱ្យដឹងថា រលកនៃការវាយប្រហារដែនអាកាសរបស់ប្រទេសអ៊ីស្រាអ៊ែលនៅទូទាំងតំបន់ហ្គាហ្សានៅពេលព្រឹកឈានចូលថ្ងៃពុធ បានសម្លាប់មនុស្សយ៉ាងតិច៨០នាក់។ នៅតំបន់ Jabalia ភាគខាងជើងតំបន់ហ្គាហ្សា ជនរងគ្រោះភាគច្រើនជាស្ត្រីនិងកុមារ។
នៅថ្ងៃពុធ ក្រុមហាម៉ាស់ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអ៊ែលលើប្រជាជនប៉ាលេស្ទីនដោយនិយាយថា នេះជាការសម្លាប់រង្គាល ដែលនឹងធ្វើឱ្យលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល Netanyahu មិនអាចឈ្នះនៅតំបន់ហ្គាហ្សា។
នៅថ្ងៃពុធដដែល គណៈប្រតិភូអ៊ីស្រាអែលមួយក្រុម បានធ្វើការចរចាដោយប្រយោលជាមួយក្រុមហាម៉ាសនៅទីក្រុងដូហា ប្រទេសកាតា ជុំវិញបទឈប់បាញ់ថ្មីនៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។
ប្រែសម្រួល៖ណាវ័ន្ត