ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦បានចាប់ផ្ដើមកាលពីថ្ងៃចន្ទនៅរាជធានីគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ីជាមួយរបៀបវារៈផ្ដោតលើការធ្វើសមាហរណកម្មក្នុងតំបន់កាន់តែខ្លាំង និងភាពធន់នឹងការរំខានពាណិជ្ជកម្ម និងសេដ្ឋកិច្ចកាន់តែខ្ពស់។
ថ្លែងក្នុងពិធីបើកសម័យប្រជុំពេញអង្គ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានជំរុញឱ្យសមាជិកអាស៊ានធ្វើការរួមគ្នានៅចំពោះមុខបញ្ហាប្រឈមនានាបណ្ដាលមកពីការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោកដើម្បីធានាថា របៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌មិនត្រូវបានទុកចោលឡើយ។ លោក អាន់វ៉ា បានថ្លែងទៀតថា សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់តំបន់អាស៊ានតែងពឹងផ្អែកលើសណ្តាប់ធ្នាប់អន្តរជាតិដែលបើកចំហ រួមបញ្ចូលគ្នា និងច្បាប់ទម្លាប់ និងពឹងលើរំហូរសេរីនៃពាណិជ្ជកម្ម មូលធន និងប្រជាជន ប៉ុន្តែមូលដ្ឋានទាំងនេះកំពុងមានភាពរង្គោះរង្គើដោយសារការប្រព្រឹត្តតាមតែអំពើចិត្តរបស់បុគ្គល។
លោកបានបន្ថែមថា ជាកាពិតការផ្លាស់ប្តូរសណ្ដាប់ធ្នាប់ភូមិសាស្ត្រនយោបាយកំពុងតែមានហើយ ហើយប្រព័ន្ធពាណិជ្ជកម្មសកលក៏កំពុងមានភាពតានតឹងថែមទៀតជាមួយនឹងការដំឡើងពន្ធឯកតោភាគីរបស់សហរដ្ឋអាម៉េរិកថ្មីៗនេះដែរ ខណៈការការពារនិយមកំពុងកើតឡើងវិញ។ លោក អាន់វ៉ា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូមិត្តភាពនៃក្រុមអាស៊ាន និងសារៈសំខាន់នៃកិច្ចប្រជុំកំពូលអាស៊ានជាមួយនឹងប្រទេសចិនដែលជាដៃគូសេដ្ឋកិច្ចធំបំផុតរបស់តំបន់នេះ។
គេរំពឹងថា កិច្ចប្រជុំកំពូលនេះនឹងអនុម័ត ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងចេញសេចក្តីប្រកាសមួយដោយផ្តល់យោបល់ណែនាំ និងផែនការសម្រាប់ការអភិវឌ្ឍរបស់អាស៊ានក្នុងរយៈពេល២០ឆ្នាំខាងមុខ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន