ថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥
នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង បាននិយាយក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន-ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រពែក្ស (GCC) ក្នុងរាជធានីកូឡាឡាំពួនៃប្រទេសម៉ាឡេស៊ីកាលពីថ្ងៃអង្គារថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយនឹងអាស៊ាន និងក្រុមប្រឹក្សា GCC ដោយឈរលើមូលដ្ឋាននៃការគោរពគ្នា និងការប្រព្រឹត្តិដោយស្មើភាពគ្នាក៏ដូចជាពង្រឹងការសម្របសម្រួលនៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចផងដែរ។
កិច្ចប្រជុំកំពូលក្រោមប្រធានបទស្ដីពី«ការរួមផ្សំឱកាសសេដ្ឋកិច្ចឆ្ពោះទៅរកវិបុលភាពរួមគ្នា»នេះមានការចូលរួមពីក្រុមមេដឹកនាំ និងអ្នកតំណាងមកពីបណ្ដារដ្ឋជាសមាជិកអាស៊ាន និងក្រុមប្រឹក្សា GCC ព្រមទាំងមេដឹកនាំនៃប្រទេសអ្នកសង្កេតការណ៍ និងអគ្គលេខាធិការអាស៊ាន និងក្រុមប្រឹក្សា GCC ផងដែរ។ លោក លី បានកត់សម្គាល់ថា ប្រទេសចិន អាស៊ាន និងប្រទេសនៃក្រុមប្រឹក្សា GCC មានទំនាក់ទំនងមិត្តភាពយូរអង្វែង ហើយថា ស្របពេលមានទិដ្ឋភាពអន្តរជាតិពោរពេញដោយអស្ថិរភាព និងការផ្លាស់ប្តូរគួបផ្សំនឹងកំណើនសេដ្ឋកិច្ចសកលយឺតយ៉ាវនោះ ការបង្កើតកិច្ចប្រជុំកំពូលត្រីភាគីនេះគឺជាវេទិកាមួយសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការតំណាងឱ្យការច្នៃប្រឌិតដ៏សំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់។
លោក លី បានសង្កត់ធ្ងន់ថា ការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងចំណោមភាគីទាំងបីនេះគឺសំខាន់យ៉ាងខ្លាំងចំពោះវិបុលភាពសេដ្ឋកិច្ចរៀងៗខ្លួន និងសំខាន់សម្រាប់សន្តិភាព និងការអភិវឌ្ឍនៅតំបន់អាស៊ី និងតំបន់លើសពីនេះទៀតផង៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន