ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥
: តារាចម្រៀងនិងសម្ដែងកូរ៉េខាងត្បូង Cha Eun Woo នឹងចូលបំពេញកាតព្វកិច្ចយោធា ក្នុងនាមជាសមាជិកកងកម្លាំងប្រដាប់អាវុធកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ២៨ ខែកក្កដា។សមាជិកក្រុមចម្រៀង ASTRO និងជាតារាសម្ដែងល្បីឈ្មោះមួយរូបរបស់កូរ៉េខាងត្បូង គឺ Cha Eun Woo នឹងចូលបំពេញកាតព្វកិច្ចយោធាជាសមាជិកកងកម្លាំងប្រដាប់អាវុធកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ២៨ ខែកក្កដា។ នេះបើយោងតាមផលិតកម្ម Fantagio ដែលជាទីភ្នាក់ងាររបស់លោក។
តាមរយៈសេចក្តីថ្លែងការណ៍ផ្លូវការចេញផ្សាយនៅថ្ងៃទី ២៩ ខែឧសភា ក្រុមហ៊ុនខាងលើបានបញ្ជាក់ថា បន្ទាប់ពីដាក់ពាក្យសុំចូលបម្រើក្នុងកងកងកម្លាំងប្រដាប់អាវុធកាលពីពេលថ្មីៗ Cha Eun Woo បានទទួលលិខិតអនុញ្ញាតពីរដ្ឋបាលយោធានៅព្រឹកថ្ងៃនេះ ដូច្នេះហើយ លោកនឹងចុះឈ្មោះចូលបំពេញកាតព្វកិច្ចយោធាតាមរយៈមជ្ឈមណ្ឌលហ្វឹកហ្វឺនថ្មីនៅថ្ងៃទី ២៨ ខែកក្កដា។ នៅពេលបញ្ចប់ការហ្វឹកហ្វឺនមូលដ្ឋាន លោកនឹងបំពេញកាតព្វកិច្ចដែលនៅសល់ក្នុងនាមជាសមាជិកក្រុមយោធា។
ចំពោះទីតាំង និងពេលវេលាពិតប្រាកដនៃការចុះឈ្មោះចូលបម្រើយោធារបស់ តារាវ័យ ២៨ឆ្នាំរូបនេះនឹងត្រូវរក្សាជាសម្ងាត់ ដើម្បីធានាសុវត្ថិភាពអ្នកពាក់ព័ន្ធ និងបញ្ចៀសគ្រោះថ្នាក់ណាមួយដែលបង្កឡើងដោយហ្វូងមនុស្សច្រើនហួសកំណត់។ ក្រុមហ៊ុនបញ្ជាក់នឹងមិនមានកម្មវិធីអ្វីពិសេសនោះទេ និងបានស្នើសុំការយោគយល់ពីអ្នកគាំទ្រ។
សម្រាប់ថ្មីៗនេះដែរ Cha Eun Woo កំពុងតែមមាញឹកក្នុងការថតរឿងភាគថ្មីរបស់ Netflix មានចំណងជើងថា 'The Wonder Fools' ។ ក្រៅពីនេះ លោកក៏គ្រោងជួបស្វាគមន៍អ្នកគាំទ្រក្នុងការប្រគំតន្ត្រីទោលលើកទី ៤ របស់ ASTRO នៅក្នុងទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ៧ និងទី៨ ខែមិថុនា។
សូមបញ្ជាក់ថា ក្នុងប្រទេសកូរ៉េខាងត្បូង បុរសគ្រប់រូបដែលមានកាយសម្បទាពេញលេញនិងមានអាយុចន្លោះពី ១៨ ទៅ ២៨ ឆ្នាំត្រូវចូលបម្រើក្នុងជួរយោធាចន្លោះពី ១៨ ទៅ ២១ ខែ អាស្រ័យទៅតាមប្រភេទកងទ័ពដែលពួកគេចូលបម្រើការ ៕
ប្រែសម្រួល៖ វ៉ាន់ថន