ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥
ត្រលប់មកឆាកតន្ត្រីវិញកាលពីពេលថ្មីៗ ក្រុមចម្រៀងខេប៉ុប SEVENTEEN បានទទួលជោគជ័យខ្លាំង ដោយអាល់ប៊ុមថ្មីរបស់ពួកគេបានក្លាយជាអាល់ប៊ុមចម្រៀងដែលលក់ដាច់ខ្លាំងបំផុតក្នុងថ្ងៃដំបូងនៅឆ្នាំ២០២៥នេះ។
ក្រុមចម្រៀងជួរមុខខេប៉ុប SEVENTEEN បានទម្លាក់អាល់ប៊ុមថ្មីមានចំណងជើងថា “HAPPY BURSTDAY” កាលពីល្ងាចថ្ងៃទី ២៦ ខែឧសភា ហើយនៅថ្ងៃបន្ទាប់គេហទំព័រទិន្នន័យតន្ត្រី Hanteo (ហានថូ) ក៏បានប្រកាសថាអាល់ប៊ុមនេះអាចលក់បានសរុបចំនួន ២,២៦ លានច្បាប់ក្នុងថ្ងៃដំបូង។ មិនត្រឹមតែក្លាយជាអាល់ប៊ុមលក់ដាច់ខ្ពស់បំផុតក្នុងថ្ងៃដំបូងក្នុងឆ្នាំ ២០២៥ ប៉ុណ្ណោះទេ ប៉ុន្តែ “HAPPY BURSTDAY” ក៏ជាអាល់ប៊ុមដំបូងផងដែរក្នុងឆ្នាំនេះដែលអាចលក់បានលើសពី ២ លានច្បាប់ក្នុងសប្តាហ៍ដំបូងនៃការចេញផ្សាយ។
ទន្ទឹមនឹងនេះ បទចម្រៀងនាំមុខក្នុងអាល់ប៊ុមគឺបទ “THUNDER” បានបង្ហាញខ្លួនដំបូងនៅចំណាត់ថ្នាក់លេខ ៧ នៅលើតារាង Melon's Top 100 ហើយក៏បានឡើងចំណាត់ថ្នាក់បន្តបន្ទាប់រហូតដល់ចំណាត់ថ្នាក់លេខ ១ នៅពាក់កណ្តាលអធ្រាត្រថ្ងៃដដែល។ មិនត្រឹមតែបទ “THUNDER” ប៉ុន្តែបទចម្រៀងថ្មីចំនួនប្រាំមួយបទពីអាល់ប៊ុមនេះបានជាប់ក្នុងចំណោមចំណាត់ថ្នាក់ Top 10 ខណៈបទចម្រៀងទោលរបស់សមាជិកទាំងអស់ពីអាល់ប៊ុមបានជាប់ក្នុងចំណោមចំណាត់ថ្នាក់ Top 30។
អាល់ប៊ុមថ្មីពីក្រុមចម្រៀងប្រចាំផលិតកម្ម Pledis Entertainment មួយនេះក៏បានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង iTunes Top Albums យ៉ាងហោចណាស់ ១៥ ប្រទេសនិងតំបន់ជុំវិញពិភពលោក ខណៈដែល បទ “THUNDER” បានឈានដល់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង iTunes Top Songs យ៉ាងហោច ១៣ ប្រទេសនិងតំបន់។
សូមបញ្ជាក់ថា “HAPPY BURSTDAY” គឺជាអាល់ប៊ុមខ្នាតពេញទី៥ របស់ក្រុម SEVENTEEN ដែលមានសមាជិកសរុប ១៣ នាក់ និងត្រូវបានចេញក្នុងឱកាសខួបគម្រប់ ១០ ឆ្នាំនៃការបង្ហាញខ្លួនរបស់ពួកគេតែម្ដង។ នេះជាអាល់ប៊ុមខ្នាតពេញដំបូងរបស់ពួកគេក្រោយរយៈពេលប្រហែល ៣ ឆ្នាំ បន្ទាប់ពីអាល់ប៊ុម “Face the Sun” បានចេញតាំងពីឆ្នាំ ២០២២ ៕
ប្រែសម្រួល៖ វ៉ាន់ថន