ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥
សមភូមិប្រជែងមកុដ Miss Universe Cambodia 2025 ឆ្នាំនេះសុទ្ធសឹងតែស្រីស្អាត និងពោរពេញដោយសមត្ថភាពកំពុងធ្វើឱ្យអ្នកស្នេហាវិស័យបវរកញ្ញាផ្ទុះការចាប់អារម្មណ៍ខ្លាំង។កម្មវិធីប្រកួតប្រជែងសម្រស់កញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ២០២៥ ឬ Miss Universe Cambodia 2025 បានកំពុងចាប់ផ្តើមដំណើរការជាផ្លូវការហើយ ជាមួយការបង្ហាញមុខបេក្ខនារីផ្លូវការចំនួន ២០រូបយ៉ាងភ្ញាក់ផ្អើល កាលពីពេលថ្មីៗ។
ក្នុងរាត្រីស្វាគមន៍ពិធិចុះកិច្ចព្រមព្រៀង និងបំពាក់ឆៀងជូនបេក្ខនារីផ្លូវការទាំង២០រូប និងស្វាគមន៍អាហារពេលល្ងាចដ៏មានឱជារសនេះផងដែរ ពន្លឺនៃសម្រស់ ការអប់រំ និងភាពជាអ្នកដឹកនាំ កំពុងចែងចាំងនៅក្នុងចក្កវាឡដ៏អស្ចារ្យមួយនេះ ដោយសុភាពស្ត្រីទាំង២០រូប ត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងក្រោមថ្វីដៃគណៈកម្មការ និងបុគ្គលជំនាញៗ ដើម្បីជាតំណាងនៃកម្លាំងវិជ្ជមានរបស់សង្គមខ្មែរឆ្ពោះទៅកាន់ចក្កវាឡ។
អ្នកគាំទ្រ និងអ្នកស្នេហាវិស័យបវរកញ្ញានាំគ្នាស្រឡាំងកាំងពេលឃើញវត្តមានបេក្ខភាពផ្លូវការទាំង ២០រូប ដែលពួកគេសុទ្ធសឹងអ្នកមានសមត្ថភាព និងរូបសម្រស់ស្រស់សោភា ថែមទាំងជាអ្នកមានឥទ្ធិពលក្នុងរង្វង់សិល្បៈថែមទៀតផង។ វត្តមានរបស់បវរកញ្ញាចាស់ថ្មីក្នុងកងប្រកួត Miss Universe Cambodia 2025 អាចនឹងធ្វើឱ្យគណៈកម្មការមានផលលំបាកក្នុងការដាក់ពិន្ទុ សូម្បីតែអ្នកនាង ប្រាសាទ ដាវីន Miss Universe Cambodia 2024 ក៏បង្ហាញរំភើបចំពោះបេក្ខភាពដែលបានចូលរួមប្រកួតក្នុងឆ្នាំនេះ។
ដោយសារបេក្ខភាពក្នុងកងប្រកួតឆ្នាំនេះមានចម្រុះរាប់តាំងពីអ្នកមានបទពិសោធន៍ និងអ្នកចំនូលថ្មី ក៏ ប្រាសាទ ដាវីន ប្តេជ្ញាផ្ទេរចំណេះជំនាញដែលមានទៅកាន់គ្រប់គ្នាដោយស្មើរភាព ទាំងការដើរ ការរៀបចំខ្លួន ការងារសង្គម និងកត្តាសុខភាពផ្លូវចិត្ត។ ម្ចាសមកុដ Miss Universe Cambodia 2024 មើលឃើញថា គ្រប់គ្នាសុទ្ធតែជាសក្កានុពល និងភាពខ្លាំងរៀងៗ ដែលនឹងអាចធ្វើឱ្យយើងភ្ញាក់ផ្អើលអំឡុងពេលប្រកួត។
សូមជម្រាបជូនថា កម្មវិធីបំពាក់ឆៀងផ្លូវការសម្រាប់កញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ២០២៥ ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដែលនេះគឺជាដំណាក់កាលសំខាន់មួយក្នុងការបង្កើតកំណត់ត្រាថ្មីសម្រាប់ប្រទេសកម្ពុជា ក្នុងការទទួលបានបេក្ខភាពខ្លាំងមកដណ្ដើមមកុដក្នុងវេទិការតែមួយ ដើម្បីក្លាយជាស្ត្រីតំណាងឱ្យចក្កវាឡកម្ពុជាលើឆាកប្រកួតអន្តរជាតិនាពេលខាងមុខ។
មានការលើកឡើងថា ឆាកប្រកួត Miss Universe Cambodia 2025 អាចនឹងក្តៅខ្លាំង ព្រោះបេក្ខភាពឆ្នាំនេះសុទ្ធសឹងជាស្រីស្អាត និងជាបុគ្គលមានឥទ្ធិពលក្នុងរង្វង់សិល្បៈខ្មែរ ថែមទាំងពូកែការងារសង្គម និងការនិយាយជាសាធារណៈថែមទៀតផង។ រង់ចាំតាមដានដំណើរការប្រកួតទាំងអស់គ្នាថា តើនរណានឹងអាចក្លាយជាម្ចាស់មកុដបន្ទាប់ពី អ្នកនាង ប្រាសាទ ដាវីន ខណៈបេក្ខភាពឆ្នាំនេះមានទាំងស្រ្តីជាម្តាយ ស្ត្រីនៅលីវ និងស្ត្រីកែភេទផងដែរ។
គ្រប់គ្រងដោយស្ថាប័ន លោក ឈួង យីវឆូយ បានបង្ហោះដំណឹងដ៏សែនរីករាយ ដែលអ្នកនាង Natalie Glebova Miss Universe 2005 នឹងមានវត្តមាននៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥។ តបតាមការអញ្ជើញរបស់ស្ថាប័ន Miss Universe Cambodia, ណាតាលី នឹងជាអ្នកបង្ហាត់បង្រៀនក្នុង Master class វគ្គទីមួយ ទៅកាន់សុភាពស្ត្រីទាំង ២០រូប៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ និងហ្វេសប៊ុក