ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥

 La Cima Cartel និងសិល្បករល្បីឈ្មោះ ៣រូបផ្សេងទៀត ពួតដៃគ្នាបង្កើតទីផ្សារចម្រៀងប្រកដដោយស្តង់ដារ ថ្មីប្លែកចម្រុះទាក់ទាញដល់អ្នកស្ដាប់!

២៦ ឧសភា ២០២៥ | កម្សាន្ដ

 

 ក្រុមចម្រៀងរ៉េបកំពុងល្បីឈ្មោះបោះសម្លេងក្នុងឧស្សាហកម្មតន្ត្រី និងជា La Cima Cartel និងសិល្បករទោល ៣រូបផ្សេងទៀត បានប្រកាសខ្លួនជាសិល្បករពេញសិទ្ធរបស់ Plus 855 Music ក្រោមពាក្យស្លោកថា «ផ្ទះថ្មីសម្រាប់សិល្បករ» ដើម្បីធ្វើឱ្យទីផ្សារចម្រៀងកាន់តែចម្រុះប្លែក ទាក់ទាញសម្រាប់អ្នកស្ដាប់។

 

 

 ផ្លាស អេចថ៍ ហ្វាយ ហ្វាយ ម្ញូហ្ស៊ីក (Plus 855 Music) កាលពីរាត្រីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ Oak Wood Premium Hotel បានប្រកាសបើកព្រឹត្តិការណ៍ដ៏ធំមួយដែលរួមបញ្ចូលក្រុមចម្រៀងដ៏ល្បី La Cima Cartel និងសិល្បករទោល ៣រូបផ្សេងទៀត ដើម្បីបង្កើតទីផ្សារចម្រៀងមួយឱ្យកាន់តែល្បី ប្រកបដោយភាពទាក់ទាញ និងចម្រុះបញ្ចូលគ្នា។

 

 

លោក ស៊ីវ រិទ្ធី ស្ថាបនិក និងជានាយកគ្រប់គ្រង Plus 855 Music បានលើកឡើងថា Plus 855 ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០២៣ មកម៉្លេះ ទើបតែពេលនេះដែលលោកទើបរៀបចំសម្ពោធជាផ្លូវការ ក្រោមពាក្យស្លោកថា « A New Home For Artists» ឬនិយាយដោយងាយថា «ផ្ទះថ្មីសម្រាប់សិល្បករ»។ 

 

 

ទាំងនេះដើម្បីផ្តល់ភាពកក់ក្តៅយ៉ាងពេញលេញមួយដល់សិល្បករដែលជ្រកកោនក្រោមដំបូល Plus 855 និងផ្តល់ជូនសិល្បករនូវប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ មានតម្លាភាព ប្រកបគុណភាពស្តង់ដា ដើម្បីសម្រួលការងាររបស់សិល្បករឱ្យមានភាពងាយស្រួល និងច្បាស់លាស់ជាងមុនក្នុងឧស្សាហកម្មតន្រ្តី។ 

 

 

ម៉្យាង គឺចង់ផ្តល់តម្លៃដ៏ល្អស័ក្កសមមួយសម្រាប់សិល្បករ ឱ្យសមនឹងទេពកោសល្យសមត្ថភាពសិល្បៈរបស់ពួកគេ ទាំងតម្លៃពលកម្ម និងគុណតម្លៃក្នុងនាមជាសិល្បករ ឱ្យត្រូវតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន ហើយយើងក៏បើកទ្វារស្វាគមន៍អ្នកមានសមត្ថភាព មានសក្កានុពលក្នុងវិស័យតន្ត្រីឱ្យចូលរួមជាមួយគ្នាផងដែរ។

 

 

ទន្ទឹមជាមួយគ្នានោះ ក្រុមចម្រៀងប្រុសកំពុងមានប្រជាប្រិយភាពក្នុងស្រទាប់ដួងចិត្តយុវវ័យ La Cima Cartel និងសិល្បករទោល ៣រូបទៀត គឺ កញ្ញា ចាន់ ស្រីខួច , មន្ត្រីយ៍ ឯក និង ឌីលុច ត្រូវបានប្រកាសជាសិល្បករពេញសិទ្ធិរបស់ Plus 855 Music ក្នុងរាត្រីដ៏ពិសេសនេះតែម្តង។

 

 

តាមការបង្ហើបពីសិល្បករ ឆាប់ៗនេះប្រិយមិត្តទស្សនិកជន និងបណ្តាអ្នកគាំទ្រ នឹងបានឃើញស្នាដៃចម្រៀងថ្មីៗរបស់ពួកគេ ដែលគ្រប់គ្នានឹងពាំនាំភាពថ្មីប្លែកនៃរសជាតិចម្រៀងមកចែកជូនអ្នកគាំទ្រស្តាប់កម្សាន្ត។ រឹតតែពិសេស ក្នុងចំណោមស្នាដៃចម្រៀងថ្មីៗទាំងនោះ ក៏នឹងមានការចាប់ដៃសហការជាមួយសិល្បករល្បីមកពីបរទេសផងដែរ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025