ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥

HYBE លក់ភាគហ៊ុនរបស់ខ្លួនទាំងអស់ក្នុងផលិតកម្ម SM ឱ្យក្រុមហ៊ុនចិន

២៨ ឧសភា ២០២៥ | កម្សាន្ដ

 

ក្រុមហ៊ុនចម្រៀងកូរ៉េ HYBE បានលក់ភាគហ៊ុនរបស់ខ្លួនទាំងអស់ក្នុងផលិតកម្ម SM ឱ្យក្រុមហ៊ុនចិន Tencent ក្នុងតម្លៃ ១៧៧ លានដុល្លារ ក្រោយការតស៊ូដណ្ដើមភាគហ៊ុននេះមករាប់ឆ្នាំ។

 


ក្រុមហ៊ុន HYBE (ហែប) ដែលជាអាណាចក្រក្រុមហ៊ុនចម្រៀងធំជាងគេរបស់កូរ៉េនិងជាទ្រនំរបស់ក្រុម BTS បានប្រកាសជាផ្លូវការអំពីការលក់ភាគហ៊ុនទាំងអស់របស់ខ្លួននៅក្នុងផលិតកម្ម SM Entertainment ទៅឱ្យក្រុមហ៊ុន Tencent (ថិនសិន) របស់ប្រទេសចិន។

 


ក្នុងសេចក្ដីប្រកាសកាលពីថ្ងៃទី ២៧ ខែឧសភា HYBE បានឱ្យដឹងថាក្រុមហ៊ុន Tencent Music Entertainment របស់ប្រទេសចិន នឹងទិញយកភាគហ៊ុន SM ទាំងអស់ចំនួន 2,21 លានភាគហ៊ុនដែលកាន់កាប់ដោយ HYBE ក្នុងតម្លៃប្រហែល 80 ដុល្លារក្នុងមួយហ៊ុន ដូច្នេះតម្លៃសរុបទាំងអស់គឺប្រហែល 177 លានដុល្លារ។

 


កិច្ចព្រមព្រៀងនេះនឹងត្រូវបានអនុវត្តបន្ទាប់ពីទីផ្សារបិទនៅថ្ងៃទី 30 ខែឧសភា ដោយភាគហ៊ុននឹងត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Tencent Music នៅហុងកុង។ នៅពេលប្រតិបត្តិការបានបញ្ចប់ Tencent Music នឹងក្លាយជាម្ចាស់ភាគហ៊ុនធំទីពីររបស់ SM Entertainment បន្ទាប់ពីក្រុមហ៊ុន Kakao ជំនួសឱ្យ HYBE។

 


គួររំឭកថា HYBE បានចូលប្រឡូកក្នុងសមរភូមិទិញយកផលិតកម្ម SM ជាលើកដំបូងនៅដើមឆ្នាំ 2023 ដោយបានទិញភាគហ៊ុន 14.8 ភាគរយពីស្ថាបនិក SM គឺផលិតករ Lee Soo Man ។ ទោះយ៉ាងណា បន្ទាប់ពីចាញ់ Kakao ក្នុងការដេញថ្លៃទិញភាគហ៊ុននេះ ខាង HYBE ក៏បានលក់ភាគហ៊ុន SM ពាក់កណ្តាលរបស់ខ្លួនទៅឱ្យ Kakao ។ តាមរយៈប្រតិបត្តិការចុងក្រោយនេះទៀត បង្ហាញថាពួកគេបានដកខ្លួនទាំងស្រុងពី SM ។

 


បន្ទាប់ពីមានព័ត៌មាននេះ អ្នកលេងអ៊ិនធឺណិតជាច្រើនបានបញ្ចេញមតិវិជ្ជមានដែលទីបំផុត HYBE បោះបង់គំនិតលេបយកក្រុមហ៊ុន SM ដែលអាចឱ្យការប្រកួតប្រជែងក្នុងវិស័យខេប៉ុបនៅមានភាពផុលផុស ជាជាងការមានក្រុមហ៊ុនធំតែមួយក្នុងទីផ្សារ។ ទន្ទឹមនឹងនោះ ការចូលរួមរបស់ក្រុមហ៊ុនចិន ក៏ជាការពង្រីកឱកាសទីផ្សារសម្រាប់សិល្បករ SM ក្នុងប្រទេសចិនផងដែរ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025